ឥណ្ឌា និងប៉ាគីស្ថានមានកម្លាំង អាវុធបរមាណូប្រហាក់ប្រហែលគ្នា ទាំងនោះ ហើយ បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាមបរមាណូ អាចកើតឡើង ក្រោយពេលប្រទេសទាំងពីរ ប្រឈមមុខដាក់គ្នាដោយអាវុធ នៅព្រំដែនកាស្មៀរ ។
ប្រទេសទាំងពីរ មានគ្រាប់បែកបរមាណូ ប្រហាក់ប្រហែលគ្នា ឥណ្ឌាមានប្រមាណ១៥០គ្រាប់ ចំណែកប៉ាគីស្ថានមានប្រហែល ១៤០គ្រាប់ ។ ពិភពលោកបង្ហាញក្តីបារម្ភខ្លាចប្រទេសទាំងពីរ ត្រូវប្រឈមមុខដាក់គ្នា ឈានដល់សង្គ្រាមបរមាណូ ។
លោក Shuja Nawaz អ្នកឯកទេស វិភាគអាមេរិកបានលើកឡើងថា សង្គ្រាមឥណ្ឌា និងប៉ាគីស្ថាន កើតឡើងអាចឈានដល់សង្គ្រាមបរមាណូបង្កវិនាសកម្មដល់តំបន់ទាំងមូល និងពិភពលោក ។
តាមទស្សនាវដ្តី The National Interest របស់អាមេរិកបានផ្សាយថា ឃ្លាំងអាវុធបរមាណូប្រទេសទាំងពីរ ពិតជាគូរឲ្យភ័យខ្លាច ។ ប៉ាគីស្ថានបានចាប់ផ្តើម ផលិតអាវុធបរមាណូ នៅឆ្នាំ ១៩៥០ ហើយកម្មវិធីនោះត្រូវបានចាប់អារម្មណ៍ខ្លាំង ក្រោយពេលប្រទេសប៉ាគីស្ថាន ត្រូវឥណ្ឌា វាយប្រហារយកឈ្នះនៅឆ្នាំ១៩៧១។
ក្រោយពេលរដ្ឋាភិបាលទីក្រុងញ៉ូវដេលី បានសាកល្បង បរមាណូលើកដំបូង នៅឆ្នាំ១៩៧៤ រដ្ឋាភិបាលទីក្រុង Islamabad បានជំរុញការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ម សម្រា់បផលិតបរមាណូ ។ រដ្ឋាភិបាលប៉ាគីស្ថានបានបញ្ចប់គម្រោងផលិតគ្រាប់បែកបរមាណូទីមួយនៅឆ្នាំ ១៩៧៨។
នៅឆ្នាំ១៩៩៨ ឥណ្ឌាបានសាកល្បងគ្រប់បែកបរមាណូ ដល់ទៅ៦គ្រាប់ ក្នុងរយៈពេល៣ថ្ងៃ ។ ចំណែកប៉ាគីស្ថានវិញ ក៏មិនចុះចាញ់នោះដែរ គឺក្រោយឥណ្ឌាសាកល្បងបាន៣សប្តាហ៍ ប៉ាគីស្ថាន ក៏បានសាកល្បង គ្រាប់បែកបរមាណូដល់ទៅ៥គ្រាប់ ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ។
តាមតួលេខរបស់មជ្ឈមណ្ឌលសន្តិភាពអន្តរជាតិទីក្រុង Stockholm ប្រទេសស៊ី្វស បានឲ្យដឹងថា បច្ចុប្បន្ន ប៉ាគីស្ថាន មានគ្រាប់បែកបរមាណូ ពី១៣០-១៤០គ្រាប់ ចំណែកឥណ្ឌាវិញ មានគ្រាប់បែកបរមាណូប្រមាណ១៤០-១៥០គ្រាប់ ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធ នឹងប្រទេសប៉ាគីស្ថាន នោះដែរ អាមេរិក បាន បើកការសើបអង្កេត ថាតើ ប៉ាគីស្ថាន បាន ប្រើប្រាស់យន្តហោះ F-16 ផលិតដោយអាមេរិក ក្នុងការវាយប្រហារទៅលើយន្ហហោះចម្បាំងឥណ្ឌា។
សហរដ្ឋអាមេរិកកំពុងស្វែងរកព័ត៌មាន ទៅលើ ថាតើ ប៉ាគីស្ថានប្រើប្រាស់យន្តហោះចម្បាំង F-16 ផលិតដោយអាមេរិកនោះបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាឬយ៉ាងណា ។ នេះបើតាមមន្ត្រីស្ថានទូតអាមេរិកប្រចាំនៅទីក្រុងអិស្លាម៉ាបាដ បញ្ជាក់ប្រាប់កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ។
ប្រភពបានបញ្ជាក់ថា ប្រសិនបើពិតជាដូច្នោះមែននោះ ប៉ាគីស្ថានបានរំលោភលើកិច្ចព្រមព្រៀងទិញ លក់ យន្តហោះ F-16 រវាងទីក្រុងវ៉ាស៊ីនតោន និងប៉ាគីស្ថានហើយ ។
ទោះយ៉ាងណា ខាងប៉ាគីស្ថានបញ្ជាក់ថា មិនបានប្រើប្រាស់យន្តហោះចម្បាំង F-16 ផលិតដោយអាមេរិកនោះបាញ់ទម្លាក់យន្តហោះឥណ្ឌាឡើយ ខណៈដែលវាបានហោះរំលោភចូលដែនអាកាស(តំបន់គ្មានការឆ្លងកាត់) ព្រំដែនកាស្មៀរ ។ សកម្មភាពបែបនេះគឺសម្រាប់តែការពារខ្លួនប៉ុណ្ណោះ ។
មន្ត្រីស្ថានទូតអាមេរិកមួយរូបថ្លែងប្រាប់ប្រភពរ៉យទ័រផ្សាយកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ថា យើងបានដឹងអំពីសេចក្តីរាយការណ៍នេះ ហើយបាន និងកំពុងស្វែងរកព័ត៌មានបន្ថែម ។ យើងពិនិត្យពិច័យសេចក្តីរាយការណ៍ឲ្យបានល្អិតល្អន់ ការពារកុំឲ្យមានការផ្តល់ព័ត៌មានខុសឆ្គង ៕