ភ្នំពេញ៖ រថយន្តសេរីទំនើបមួយបើកបរ សុខៗ ស្រាប់តែធ្លាយប្រេងម៉ាស៊ីន លើផ្លូវ បណ្ដាលឲ្យម៉ូតូរអិលដួលពេញផ្លូវ ព្រោះតែជាងប្តូប្រេងម៉ាស៊ីនរឹតខ្ចៅមិនជាប់ ។
ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង២រសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ចំណុចស្តុប ក្តាន់ពីរ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី កែងផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានបើករថយន្តមួយគ្រឿងម៉ាក លុចស៊ីស RX450 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-8939 យកទៅឲ្យជាងត្រួតពិនិត្យ និង ប្តូប្រេងម៉ាស៊ីន បន្ទាប់ត្រួតពិនិត្យរួចមកបានបើករថយន្តចេញមកវិញដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរស្សី ទិសដៅពីកើតទៅលិច ខណៈដែលជិះមកដល់ចំណុចកើតហេតុរថយន្ត បានធ្លាយប្រេងម៉ាស៊ីន ពេញផ្លូវ ប៉ុន្តែរូបគាត់មិនបានដឹងនោះទេ តែដោយមានសមត្ថកិច្ចចរាចរក្រុងឃាត់ឲ្យឈប់ ទើបដឹងថារថយន្តរបស់គាតធ្លាយប្រេងពេញផ្លូវ ថែមទាំងបង្កឲ្យម៉ូតូដួល៣ ទៅ៤គ្រឿងផងដែរ ភ្លាមៗនោះផងដែរ ខ្លួនបានយកខ្សាច់មកបាច កុំឲ្យ ម៉ូតូអ្នកដំណើររអិលផងដែរ ។
ក្នុងហេតុការណ៍នេះដែរ គេសង្កេតឃើញថា កម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ បានចេញម៉ូតូទឹកចំនួន២គ្រឿង និង បាញ់ទឹក លាយជាមួយសាប៊ូ ដើម្បីលាងសម្អាតប្រេង ម៉ាស៊ីន និង ខ្សាច់ ចេញដើម្បីសោភណ្ឌភាពទីក្រុង និង កុំឲ្យមានគ្រោះថ្នាក់ផ្សេងៗ ដូចជារអិលជាដើម៕ ជ្រោយពេជ្រ