ព័ត៌មានទាន់ហេតុការណ៍៖

ចិនចោទប្រកាន់ ពលរដ្ឋកាណាដា២រូប ជាចារកិច្ច

ចែករំលែក៖

ក្នុងពេលដែលកំពុងតែមានភាពតានតឹង​ ជុំវិញ កាណាដា នាំខ្លួន​អគ្គនាយកហិរញ្ញវត្ថុ​ Huawei ​ទៅកាន់អាមេរិក ហើយក្រុមហ៊ុន Huawei ​បានសម្រេចប្តឹងរដ្ឋាភិបាល ប៉ូលិស ពីការបំពាន់ច្បាប់ ពេលនេះចិន​ក៏បានចោទប្រកាន់ពលរដ្ឋកាណាដា​ពីរនាក់ថា ជាចារកិច្ច ។

ការប្រឈមមុខតានតឹងរវាងជុំវិញ បញ្ហាខាងលើ បានធ្វើឲ្យទំនាក់ទំនងរវាងចិន​ នឹងកាណាដា​កាន់តែឃ្លាតឆ្ងាយ​ ដោយប្រទេសទាំងពីរមានសកម្មភាពសងសឹកគ្នាទៅវិញទៅមក​។

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានសម្តែងការព្រួយចិត្តខ្លាំងណាស់ កាលពីថ្ងៃទី៤ មីនា ចំពោះពលរដ្ឋកាណាដា ដែលត្រូវចិនឃុំខ្លួន ដោយចោទពីបទចារកម្ម និងលួចព័ត៌មានសម្ងាត់ជាតិ ។

ការចោទប្រកាន់ទៅលើ Michael Kovring អតីតមន្ត្រីទូតកាណាដា បាននាំឲ្យមានការប្រឈមមុខតានតឹងដាក់គ្នាថែមទៀត រវាងទីក្រុងប៉េកាំង នឹងទីក្រុង អូតាវ៉ា ហើយក៏ជាមូលហេតុ បណ្តាលមកពីការចាប់ខ្លួនរបស់កាណាដាទៅលើប្រធានហិរញ្ញវត្ថុក្រុមហ៊ុន Huawei អ្នកស្រី Meng Wanzhou នោះផងដែរ ។

ថ្លែងប្រាប់ក្រុមអ្នកកាសែត លោកនាយករដ្ឋមន្ត្រីកាណាដា Trudeau បញ្ជាក់ថា «យើងពិតជាមានការភ័យបារម្ភខ្លាំងណាស់ គោលជំហរដែលចិនកំពុងប្រកាន់យកនេះ» ។

ថ្មីៗកន្លងទៅនេះ សារព័ត៌មានចិន ស៊ីនហួបានផ្សាយអំពីការចោទប្រកាន់ទៅលើលោក Kovrig និងថា អ្នកជំនាញ Michael Spavor នោះ ព្រមទាំងជនជាតិកាណាដាដទៃផ្សេងទៀត ដែលឃុំខ្លួននៅក្នុងប្រទេសចិន គឺជាប្រភពចារកម្មដ៏សំខាន់របស់ លោក Kovrig ។

ទាំងពីរនាក់ ត្រូវបានឃុំខ្លួននៅក្នុងខែធ្នូ ឆ្នាំ២០១៨ ដោយអាជ្ញាធរចិន តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយកាណាដា ចាប់ខ្លួនអ្នកស្រី Meng តាមសំណើរបស់សហរដ្ឋអាមេរិក ។អាជ្ញាធរចិន បានថ្លែងថា ជនជាតិកាណាដាទាំង២នាក់ ស្ថិតក្រោមការស៊ើបអង្កេត សង្ស័យធ្វើឲ្យគ្រោះថ្នាក់ដល់សន្តិសុខជាតិ និងធ្វើចារកម្មផងដែរ ដែលអាចផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ។

កាណាដាមានគម្រោងធ្វើបត្យាប័នអ្នកស្រី Meng ទៅកាន់ទឹកដីអាមេរិក ដែលធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំង និងបានព្រមានថា កាណាដា នឹងជួបនូវបញ្ហានយោបាយធ្ងន់ធ្ងរ ប្រសិនជាបញ្ជូនពលរដ្ឋចិនទៅកាន់អាមេរិកនោះ ។

អ្នកស្រី Meng នៅថ្ងៃពុធនេះ ត្រូវបញ្ជុនឡើងសវនាការទីក្រុង Vancouver ដើម្បីស្តាប់អំពីគម្រោងធ្វើបត្យាប័ន របស់គាត់ ។អាមេរិកចង់បាន អ្នកស្រី Meng ទៅទទួលទោសពីបទបន្លំ រំលោភបំពានច្បាប់ទណ្ឌកម្មអាមេរិកប្រឆាំងទៅលើអ៊ីរ៉ង់ និងការភូតកុហក់ធនាគារអាមេរិក។

នៅក្នុងករណីប្តឹងផ្តល់របស់ក្រុមហ៊ុនហួវាយ សារព័ត៌មាន​ Ney York Times ​កាលពីថ្ងៃទី​៤ ខែមីនា បានដកស្រង់ សម្តីមន្ត្រីជាន់ខ្ពស់របស់ក្រុមហុន Huawei ​បញ្ជាក់ថា ក្រុមហ៊ុនទូរគមនាគមន៍ ធំបំផុតរបស់ចិន ​Huawei ​ កំពុងតែ រៀបចំឯកសារប្តឹង​អាមេរិក នៅតុលាការរដ្ឋតិចសាស់​ ដែលបានហាមប្រាម ប្រើប្រាស់ផលិតផលរបស់ Huawei ​ក្នុងហេតុផល មិនពិតប្រាកដ។

សារព័ត៌មានខាងលើ​បានផ្សាយថា​ ករណីប្តឹងផ្តល់របស់​ Huawei ​ជុំវិញ​ ការបំផ្លាញ បុគ្គល ឬស្ថានប័ន ក្រុមហ៊ុន ដោយលុបចោល ឬបណ្តេញចេញ ដោយមិនឆ្លង ការកាត់ទោស​ បង្ហាញពីភស្តុតាងជាក់ស្តែង ។

មេធាវី​របស់ អគ្គនាយកហិរញ្ញវត្ថុ Huawei ​បានលើកឡើងថា ​នៅក្នុងពាក្យបណ្តឹង ប្តឹងរដ្ឋាភិបាលកាណាដា និងកម្លាំងប៉ូលិស បានចាប់ឃុំខ្លួនលោកស្រី ឆែកឆេរ និងសួរចំឡើយ​ក្នុងរយៈពេល​៣ម៉ោង​ ជាការបំពាន់សិទ្ធិបុគ្គលយ៉ាងធ្ងន់ ៕

 

)

 


ចែករំលែក៖