ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធមិនចេះនៅផ្ទះ ទាញកាំភ្លើងបាញ់ប្រពន្ធ តែត្រូវឪពុកក្មេកឃាត់ ផ្ទុះមួយគ្រាប់ របួសខ្លួនឯង

ចែករំលែក៖

ខេត្តកណ្តាល៖ អំពើហិង្សាមួយបានកើតឡើង ដោយខ្វះការពិចារណា ធ្វើឲ្យមន្ត្រីម្នាក់បានផ្ទុះគ្រាប់កាំភ្លើងឡើងមួយគ្រាប់ បណ្តាលឲ្យរងរបួសខ្លួនឯង ខណៈដែលខឹងប្រពន្ធមិននៅផ្ទះ ពេលខ្លួនត្រឡប់មកពីធ្វើការវិញ ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ ច័ន្ទ ១៣ រោច ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង ១១និង៤០ នាទីចំណុចភូមិសំរោងក្អែរ៣ ឃុំ សំរោងធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល ។

ជនរងគ្រោះចំនួន០២នាក់ ទី០១ឈ្មោះ ឈួន ជេស ភេទប្រុស អាយុ៥៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិ សំរោងក្អែរ៣ ឃុំសំរោងធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល (ឪពុកក្មេកជនសង្ស័យ) និងទី០២ឈ្មោះ ឈួន រ៉ានី ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ប្រពន្ធជនសង្ស័យ )។

ជនសង្ស័យមានឈ្មោះ គង់ ចាន់ថន ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រី មានទីលំនៅភូមិ លេខ៨ សង្កាត់កំពង់លាវ ក្រុង ព្រៃវែង ខេត្ត ព្រៃវែង រងរបួសសម្រាកនៅមន្ទីរពេទ្យព្រះកេតុមាលា ។

នគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យ និងប្រពន្ធឈ្មោះ ឈួន រ៉ានី ភេទស្រី អាយុ ២៥ ឆ្នាំ បច្ចប្បន្ន ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១១និងង៣០នាទី ប្រពន្ធជនសង្ស័យបានជិះឡានឈ្នួលពីភ្នំពេញមកផ្ទះឪពុកស្ថិតក្នុងភូមិ សំរោងក្អែរ៣ ឃុំសំរោងធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល រួចក៏ឲ្យបងស្រីឈ្មោះ ឈួន រ៉ាឌី ជូនទៅរកគ្រូទស្សន៍ទាយ ។ ពេលនោះជនសង្ស័យក៏បានជិះម៉ូតូ០១ គ្រឿងម៉ាក C125 ពណ៌ខ្មៅ មិនចាំស្លាកលេខមកដល់ផ្ទះដែរ រួចសួរឪពុកក្មេកថា ប៉ាមានឃើញប្រពន្ធខ្ញុំទេ ពេលនោះឪពុកក្មេកបានឆ្លើយប្រាប់ថា ៖អត់ឃើញទេ ស្របពេលនោះ ឈ្មោះឈួន រ៉ាឌីបានឌុបប្រពន្ធជនសង្ស័យមកដល់ស្រាប់ តែជនសង្ស័យបានជេរប្រពន្ធថា ៖ មីចោរសំផឹងទើបមកពីឲ្យប្រុស ជេររួចជនសង្ស័យក៏ដកកាំងភ្លើងបាញ់ប្រពន្ធ តែត្រូវឪពុកក្មេកស្ទុះទៅចាប់ដៃជ្រោងឡើងទៅលើ និងបានប្រវាយយប្រតប់ជាមួយឪពុកក្មេក ពេលនោះក៏ឮស្នូរផ្ទុះអាវុធមួយគ្រាប់ត្រូវចំក្រោមដោះខាងស្តាំជនសង្ស័យ ។

បន្ទាប់មកឪពុកក្មេកជនសង្ស័យបានតេទូរស័ព្ទមកប្តឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលសំរោងធំចុះជួយអន្តរាគមន៍ ពេលទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុឲ្យប្រពន្ធជនសង្ស័យបញ្ជូនជនសង្ស័យទៅមន្ទីរពេទ្យព្រះកេតមាលាជាមួយកម្លាំងប៉ុស្តិ៍០២នាក់ ។

ករណីនេះកម្លាំងជំនាញបានសហការជាមួយកម្លាំងនគរបាលបាលប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុ និងមន្ទីរពេទ្យព្រះករតុមាលា ហើយបន្តរចាត់ការតាមនីតិវិធី ៕ ឆ ដា


ចែករំលែក៖