ខេត្តរតនគិរី៖ យុវសិស្សចំនួន១០នាក់ ដែលគេចពីការសិក្សារួចនាំគ្នាចូលទៅលេងល្បែងហ្គេមអ៊ីនធើណេតភ្នាល់បាល់ខុសច្បាប់ចំនួន២ទីតាំង ជាប់គ្នា ត្រូវបានកម្លាំងចម្រុះក្រុងបានលុង ចុះបង្ក្រាប និងរិបអូសបានវត្ថុតាងជាក់ស្តែង កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅទល់មុខសាខាពន្ធដារខេត្ត ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ហើយម្ចាស់ទីតាំងប្រព័ន្ធអ៊ីនធើណេតនេះ ត្រូវបានគេស្គាល់ ឈ្មោះ ជឹម ជីវ័ន្ត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ/ឃុំខាងលើ និងមុខរបរបើកជាអចិន្ត្រៃយ៍ប្រព័ន្ធអ៊ីនធើណេត(ចាក់បាល់) ។
ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបអ៊ីនធើណេត និងទូហ្គេមដុះស្លែទាំង២ទីតាំងជាប់គ្នាខាងលើនេះ ធ្វើឡើងរួមគ្នារបស់កម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយ លោក បូរ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី ដែលសមាសភាពចូលរួម លោក អ៊ុក ស៊ីដេត អភិបាលរងក្រុងបានលុង លោក កេត ស៊ីថា អធិការរងនគរបាលក្រុងបានលុង លោក កៃ សាវិន ប្រធានអភិវឌ្ឍន៍ក្រុងបានលុង លោកអនុសេនីយ៍ត្រី ជិន វណ្ណលិន នាយរងផ្នែក និង លោក ឃឹម ណារិទ្ធិ មន្ត្រីកងរាជអាវុធហត្ថក្រុងបានលុង ។
ក្នុងប្រតិបត្តការសមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន ៖ កុំព្យូទ័រ ចំនួន៥គ្រឿង,ម៉ូនីទ័រ ចំនួន៥គ្រឿង, ឃីប៊ត ចំនួន៤គ្រឿង. ម៉ៅ ចំនួន៥គ្រឿង, ម៉ាស៊ីនព្រីនធ័រ ចំនួន១គ្រឿង សៀវភៅបញ្ជី ចំនួន៤ក្បាល, ត្រា១ , ប៊ុងបាល់ចំនួន១ដុំធំ , ក្រដាសព្រីន១ដុំធំ និងម៉ូតូជាច្រើនគ្រឿង ព្រមទាំងធ្វើការឃាត់ខ្លួនក្មេងៗសិស្សសាលាចំនួន១០នាក់ទៀតផង ។
ក្រោយបញ្ចប់ការបង្ក្រាប ម្ចាស់ទីតាំង និងយុវសិស្សទាំង១០នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុកិច្ចសន្យាផ្តិតមេដៃចំពោះមុខច្បាប់ជាធរមាន រួចឲ្យត្រឡប់ទៅផ្ទះវិញ ៕ ជីវ័ន្ត