ព័ត៌មានទាន់ហេតុការណ៍៖

ក្តីបារម្ភពីការប្រកួតប្រជែងអាវុធ ក្រោយរុស្ស៊ីដកខ្លួនចេញពី​ INF ​ជាផ្លូវការ

ចែករំលែក៖

ប្រទេសក្នុងតំបន់ និងជុំវិញពិភពលោកបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ក្រោយអាមេរិក និងរុស្ស៊ីបានសម្រេចដកខ្លួនចេញពីសន្ធិសញ្ញាអាវុធ មីស៊ីលបរមាណូរយៈចម្ងាយមធ្យម ដែល បានអនុវត្តតាំង ពីឆ្នាំ​១៩៨៨ មកទល់ពេលនេះ ។

ការដកខ្លួននោះនឹងជំរុញឲ្យពិភពលោកធ្លាក់ក្នុងដំណាក់កាលប្រកួតប្រជែងអាវុធសារជាថ្មី​ ដូចកាលពីសម័យសង្គ្រាមត្រជាក់ ។ ក្រោយពេលអាមេរិកបានប្រកាសថា នឹងដកខ្លួនចេញពីសន្ធិសញ្ញាអាវុធបរមាណូ​​ INF ​ពេលនេះ រុស្ស៊ីបានប្រកាសដកខ្លួនជាផ្លូវការ ដោយសារតែអាមេរិកបានបំពានសន្ធិសញ្ញានេះ ។

វិមានប្រធានាធិបតីរុស្ស៊ី Kremlin ​បានប្រកាសថា ដោយការបំពាន់របស់អាមេរិក ប្រធានាធិបតីពូទីន ​បានសម្រេចចុះហត្ថលេខាដករុស្ស៊ីចេញពីសន្ធីសញ្ញា អាវុធ​បរមាណូរយៈចម្ងាយមធ្យម​ INF ​ដែលជាកិច្ចព្រមព្រៀងបានបង្កើនឡើង ក្នុងសម័យសង្គ្រាមត្រជាក់​។

លោកពូទីនបានចេញបញ្ជា ឲ្យក្រសួងការបរទេស ចេញសេចក្តីប្រកាស ស្តីពីការដកខ្លួនរបស់រុស្ស៊ីចេញពី​ INF។ រដ្ឋាភិបាលទីក្រុងមូស្កូបានលើកឡើងថា អាមេរិក បានប្រើប្រាស់មីស៊ីលរយៈចម្ងាយមធ្យម ដែលបានហាមប្រាមនៅក្នុង​ INF ​។ លោក ពូទីន បានលើកឡើងទៀតថា សន្ធិសញ្ញា​ INF ​នឹងត្រូវបានអនុវត្តឡើងវិញ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន​ លុបចោលរាល់ការបំពានច្បាប់របស់ខ្លួនទៅលើ​ INF ​។

កាលពីថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ ប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ​បានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញា INF ​ដែលបានចុះហត្ថលេខាកាលពីសម័យសង្គ្រាមត្រជាក់ ​នាឆ្នាំ​១៩៨៧ ដោយអតីតប្រធានាធិបតី​ Ronald Reagan ​និងមេដឹកនំាសហភាពស៊ូវៀត ​ Mikhail Gorbachev ​ហើយមានប្រសិទ្ធភាព នៅឆ្នាំ​១៩៨៨៕


ចែករំលែក៖