ភ្នំពេញ៖ រថយន្តស្ទូចដឹកគ្រឿងចក្រមួយគ្រឿងបើកបោះពួយយ៉ាងល្បឿន ទៅកៀរពីមុខរថយន្តឡុចស៊ីសស៊េរីទំនើបមួយទៀតដែលបើកបត់ឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលិចកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវវេងស្រេងកែងនឹងផ្លូវ៣៧១សឡា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បើកបររថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ឡុចស៊ីស NX200t ពណ៌កណ្តុរល្មែៈ ពាក់ស្លាកលេខ ភ្នំពេញ 2BB-8827 ។ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ សឡា ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ ក៏បានបើកឆ្លងផ្លូវវេងស្រេង បំណងបត់ទៅកើតឆ្ពោះទៅច្រមុះជ្រូកស្ទឹងមានជ័យ ដោយខ្វះការប្រុងប្រយ័ត្ន ហើយខណៈដែលបត់មិនទាន់នឹងផុតផង ក៏ស្រាប់តែមានរថយន្តស្ទូចដឹកគ្រឿងចក្រមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-0831 ដែលបើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត និងក្នុងល្បឿនយ៉ាងលឿន ហើយបានព្យាយាមបើកគេចពីរថយន្តខាងលើ ទៅខាងស្តាំ តែគេចមិនផុត ក៏ជ្រុលទៅកៀររថយន្ដស៊េរីទំនើបខាងលើ ចំខាងមុខចំហៀងខាងស្តាំ ពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកឯរថយន្តស្ទូចរងការខូចខាតវៀចកាង និងបែកកង់ខាងក្រោយ ចំហៀងខាងឆ្វេង ប៉ុន្តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានឲ្យភាគីទាំងសងខាងសម្របសម្រួលដោះស្រាយគ្នាបន្ទាប់មក ក៏មានតំណាងភាគីរថយន្តទាំងពីរបានចូលមកដោះស្រាយគ្នា រួចដោយភាគីខាងរថយន្តស្ទូចមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏ព្រមចេញសំណងចំនួន១៥០០ដុល្លារឲ្យទៅភាគីខាងរថយន្តឡុចស៊ីសដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ ភារ៉ា ដង្កោ