ខេត្តសៀមរាប ៖ រថយន្តរបស់ចាងហ្វាងកាសែតថ្ងៃថ្មី នឹងជាភ្នាក់ងារទូរទស្សន៍MSJ TV ត្រូវរថយន្តទំនើបម៉ាកឡិចស៊ីស ៤៧០ មិនស្គាល់អត្តសញ្ញាណ បុកធ្លាក់ស្នាមភ្លោះទៅមុខលែងរួច និងរងរបួសស្រាល ខណៈលោកកំពុងចុះយកព័ត៌មាន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង២៣ និង៣០នាទីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្តឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។
លោក ទីវ សំអុល ភ្នាក់ងារទូរទស្សន៍ MSJ TV នឹងជាចាងហ្វាង ការសែតថ្ងៃថ្មី បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមីនាថា លោកបើករថយន្តតាមផ្លូវម្នាក់ឯងសុខៗស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស៤៧០ មិនស្គាល់អត្តសញ្ញាណមកបុកចំពីក្រោយ ពេញទំហឹង និងកៀរទម្លាក់ស្នាមភ្លោះបណ្តាលលោករងរបួសស្រាល ។
ចំណែករថយន្តបង្ក បានបើកគេចខ្លួនបាត់ លោកបន្តថា ភ្លាមៗនោះលោកបានទំនាក់ទំនងសុំការអន្តរាគមន៍ពីសំណាក់ សមត្ថកិច្ចមូលដ្ឋានដែរ តែចាប់រថយន្តបង្កមិនបាន ។ លោកបន្ថែមថា ករណីនេះ លោកនឹងដាក់ពាក្យបណ្តឹងនៅមូលដ្ឋានខាងលើ ដើម្បីទុកការពារខ្លួនរបស់លោក ក្រែងមានមនុស្សចង់ធ្វើបាបលោកដោយប្រការណាមួយនោះ ។
ក្នុងនោះលោកក៏សូមស្នើឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនបង្កមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ អធិការនគរបាលស្រុកពួក គឺលោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមីនាថា ករណីនេះខាងលោកបានចុះជួយអន្តរាគមន៍ និងសហការជាមួយអធិការនគរបាលស្រុកក្រឡាញ់ ដែរតែចាប់មិនបានដោយសារហេតុការណ៍នោះកើតលឿនពេក ហើយរថយន្តបង្កបើកគេចបាត់ ។
គួរកត់សម្គាល់ផងដែរថា នេះគឺជាករណីទី១នាដើមឆ្នាំ២០១៩ដែលមានការគំរាមកំហែងដល់អ្នកសារព័ត៌មាននៅក្នុងខេត្តសៀមរាប តែមិនបានសម្រេច ប្រភពព័ត៌មានបានបង្ហើមមកថា នៅក្នុងខេត្តសៀមរាបសព្វថ្ងៃនេះ មានរថយន្តដឹកឈើប្រណីត និងឈើលេខ២សម្រុកដឹកចូលក្នុងខេត្ត និងឆ្លងកាត់ជាច្រើនគ្រឿងហើយក្នុងនោះភាគច្រើនជារថយន្តទំនើបអត់ព័ន្ធពាក់ស្លាកលេខ ខ.ម ។ ចំពោះសមត្ថកិច្ចជំនាញវិញ ហាក់នៅកំពុងគេងលក់ស្រួល ៕ ប៊ុនរិទ្ធី