ខេត្តកំពង់ធំ៖ កន្លងមក គេធ្លាប់តែឮថា មេតុងទីនប្រមូលកើបលុយរត់ចោលកូនៗ ដែលលេងជាមួយ តែលើក នេះបែរជាមានរឿងកូនតុងទីនម្នាក់នៅផ្ទះក្បែរគ្នា ក្រោយពីដេញបានលុយជាង១ម៉ឺនដុល្លារ បន្ដបង់ឲ្យមេតុងទីនបានតែ៣ ឬ៤ខែ ស្រាប់តែឈប់បង់ ថា គ្មានលទ្ធភាពឆ្កុយ ជាហេតុនាំឲ្យមានការប្រទូស្តរ៉ាយគ្នាឈានដល់ការប្ដឹងផ្ដល់ ដោយភាគីខាងកូនតុងទីន ដែលប្ដីជាស្នងការរងនគរបាលខេត្តកំពង់ធំ បានបញ្ជូនជើងថា ចង់ប្ដឹងដល់ណាក៏ប្ដឹងទៅ ។
បើតាម នាងជាមេតុងទីនឈ្មោះ ចាន់ ពិសី អាយុ៣៩ឆ្នាំ រស់នៅម្ដុំវត្តទួលអស់លោក សង្កាត់គីឡូម៉ែត្រលេខ៦ បានឲ្យដឹងថា តុងទីនដែលគាត់លេងជាមួយគ្នានេះ មាន២ក្បាល ក្នុង១ក្បាល២០០ដុល្លារ ដោយមានមនុស្សលេង៣៦នាក់ ដូច្នេះបើដេញម្ដង ត្រូវបង់ជិត៤០០ដុល្លារក្នុងមួយខែៗ តែសម្រាប់អ្នកងាប់ (មានន័យថាអ្នកដែលដេញរួចហើយ) ត្រូវបង់ពេញ៤០០ដុល្លារក្នុង១ខែៗ ។ តុងទីននេះ ចាប់ផ្ដើមលេងតាំងពីឆ្នាំ២០១៧ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ ។
ប្រភពបន្ដថា សម្រាប់កូនតុងទីនម្នាក់នេះ មានឈ្មោះ ធីធី តា ភេទស្រី អាយុជាង៣០ឆ្នាំ ដែលមានប្ដី ឈ្មោះ សោម សីហាក់ ជាស្នងការរងនគរបាលខេត្តកំពង់ធំ គ្រាន់តែលេងភ្លាមបានដេញយកភ្លាម សរុបប្រមូលលុយបានប្រមាណ១៤.០០០ដុល្លារ ។ ក្រោយពេលដេញបានភ្លាមៗ កូនតុងទីនម្នាក់នេះបានបន្ដបង់ឲ្យមេបានរយះពេលបីឬបួនខែដែរ បន្ទាប់មកក៍ឈប់បង់តែម្ដង ដោយប្រាប់ថាអស់លទ្ធភាពបង់បែបឆ្កួយទៅវិញ ។ មេតុងទីនបានព្យាយាយទៅទារលុយរហូត តែក្រោយមកត្រូវបានប្ដីរបស់លោកស្រីធីធី តា ឈ្មោះសោម សីហៈ បានប្រាប់ថា គាត់គ្មានលុយបង់ទេ ចង់ប្ដឹងទៅដល់ណាក៏ប្ដឹងទៅ។
មេតុងទីនបានបញ្ជាក់ថា ភាសាបែបនេះ ដោយសារគាត់អាងខ្លួនជាស្នងការរងនគរបាលខេត្តកំពង់ធំ មានតួនាទីបុណ្យស័ក្ដិមានបក្សមានពួកទើបគាត់ហ៊ានថា មិនបង់លុយឲ្យគេទាំងខ្លួនប្រមូលកើបលុយគេយកទៅចាយអស់ហើយនោះ វាស្មើនឹងការបោកប្រាស់គេ ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់មេតុងទីនចោទប្រកាន់បែបនេះ លោក សោម សីហាក់ ស្នងការរងនគរបាលខេត្តកំពង់ធំបានប្រាប់ តាមទូរស័ព្ទថា នេះជារឿងរបស់ប្រពន្ធលោកទេ មិនពាក់ព័ន្ធជាមួយលោកឡើយ ហើយរឿងនេះ កំពុងស្ថិតនៅក្នុងដៃតុលាការ ចឹងទុកឲ្យតុលាការដោះស្រាយចុះ ។ លោកបន្តថា អ្វីដែលគេលើកឡើងថា គាត់ជាអ្នកធំមានបក្សពួក លោកថា មិនដែលគិតចឹងនោះទេ អ្នកធំឥឡូវគេដកផុយដូចតែគ្នានឹង ម្យ៉ាងទៀត រឿងនេះភាគីដើមបណ្ដឹងបានប្ដឹងគ្រួសារលោកទៅតុលាការទៀតផងដូច្នេះ មានតែនីតិវិធីរបស់តុលាការប៉ុណ្ណោះ ៕ ប៊ុនរិទ្ធី