ខេត្តឧត្តរមានជ័យ ៖ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៩និង៤០នាទី នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ បានទទួលបណ្ដឹងពីឈ្មោះ យ៉ុន ចាន់រិទ្ធ ភេទស្រី អាយុ៣១ឆ្នាំ ដែលមានទីលំនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងមានមុខងារ ជាអ្នកគ្រប់គ្រងផ្នែកលក់គ្រឿងអលង្ការ (ប្រាក់) នៅក្នុងក្រុមហ៊ុន អូរស្មាច់រីសត ថា ៖ មានករណីរំលោភលើទំនុកចិត្ត (លួចយកគ្រឿងអលង្ការ និងអីវ៉ាន់ យកទៅលក់គិតជាលុយមានចំនួន ៤៦.២៧៥B)បាត ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ ប៊ុន ចាន់នី ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន ភូមិ-សង្កាត់អូរស្មាច់ ក្រុងសំរោង មុខរបរ បុគ្គលិកផ្នែកលក់គ្រឿងអលង្ការ។
សមត្ថកិច្ចបានឲ្យដឹងថា តាមការសាកសួរបឋម ជនសង្ស័យខាងលើ បានសារភាពថា រូបខ្លួនពិតជាធ្លាប់ បានលួចយកខ្សែក្រវាត់ពីក្នុងហាង លក់ឲ្យទៅភ្ញៀវបានប្រាក់ចំនួន៨.០០០B (ប្រាំបីពាន់បាត) និងធ្លាប់កិបកេងប្រាក់ក្រុមហ៊ុន ចំនួនតែ ២៤.០០០B (ពីរម៉ឺនបួនពាន់បាត)ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ដើម្បីសួរនាំ និងកសាងសំណុំរឿងទៅតាមនីតិវិធី៕ ប៉ែន នួន