ព័ត៌មានទាន់ហេតុការណ៍៖

តុលាការកំពូលថៃ បញ្ជាឲ្យរំលាយគណបក្ស ថៃរក្សាជាតិ

ចែករំលែក៖

តុលាការកំពូលប្រទេសថៃ កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ បានសម្រេចរំលាយគណបក្សនយោបាយមួយ តាមសំណើរបស់គណៈកម្មការរៀបចំការបោះឆ្នោត ។

គណៈកម្មការរៀបចំបោះឆ្នោតប្រទេសថៃ បានស្នើតុលាការកាត់ក្តីរឿងគណបក្ស ថៃរក្សាជាតិ (Thai Raksa Chart) ដែលបានជ្រើសរើសបងស្រីរបស់ព្រះមហាក្សត្រថៃ គឺក្សត្រិយ Ubolratana Rajakanya Sirivadhana Barnavadi ឲ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតសកល ដែលគ្រោងធ្វើនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ដោយបញ្ជាក់ថា គណបក្សនេះបានរំលោភលើរដ្ឋធម្មនុញ្ញា ។

ក្សត្រិយដែលជាព្រះរាមស្តេចថៃអង្គនេះ បានសព្វព្រះរាជហឫទ័យលាលែងពីសមាជិករាជវង្ស ដើម្បីចូលប្រឡូកក្នុងឆាកនយោបាយដូចរាស្ត្រសាមញ្ញ ប៉ុន្តែពុំបានសម្រេច ដោយអាស្រ័យថា ព្រះមហាក្សត្រថៃ ព្រះបាទ មហាវិជ្ជរ៉ា ឡុងកន រិះគន់ថា មិនសមទំនងតាមរដ្ឋធម្មនុញ្ញ ។

តុលាការកំពូលប្រទេសថៃ នៅរសៀលថ្ងៃទី៧ ខែមីនា បានបើកសវនាការសម្រេចសេចក្តីរំលាយគណបក្សនយោបាយមួយនេះ ព្រមទាំងហាមឃាត់ថ្នាក់ដឹកនាំគណបក្សនេះ មិនឲ្យចូលប្រឡូកនយោបាយ១០ឆ្នាំ ។ ចៅក្រម Taweekiet Meenakanit ថ្លែងដូច្នេះថា «តុលាការសម្រេចថា គណបក្សត្រូវបានរំលាយហើយ» ។

មេដឹកនាំគណបក្សប្រឆាំងស្និទ្ធនឹងត្រកូលថាក់ស៊ីន ដែលត្រូវរំលាយខាងលើ ឈ្មោះ Preechapol Pongpanich បានថ្លែងថា លោកព្រមទទួលយកការសម្រេចរបស់តុលាការនៅពេលនេះ ។

សូមបញ្ជាក់ថា អំឡុងសវនាការរំលាយគណបក្សថៃរក្សាជាតិ នេះ កងកម្លាំងប៉ូលិសប្រមាណ១ពាន់នាក់ត្រូវដាក់ពង្រាយ ព្រមទាំងមានការបិទផ្លូវមួយចំនួនផងដែរ ៕


ចែករំលែក៖