ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពស្វិតក្រៀម បង្កឲ្យភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះទៅពិនិត្យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពី បុរសម្នាក់ឡើងភ្នំដើររកឃ្មុំស្រាប់តែប្រទះឃើញ សំណាកសាកសព ចងក នឹងវល្លិ៍ឈើ ក៏រត់មករាយការណ៍ឲ្យ សមត្ថកិច្ចចុះទៅពិនិត្យ ។

ក្រោយពិនិត្យ សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះ គឺជាមនុស្សម្នាក់ដែល បាត់ខ្លួនកាលពី៣ខែមុនដែលកាលណោះរកឃើញតែម៉ូតូ នៅជិតកន្លែងកើតហេតុ ។

ការប្រទះឃើញសាកសពនេះ គឺនៅចំណុចភ្នំជោ ភូមិថ្នល់បត់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ។

តាមការអះអាងពីបុរស ម្នាក់បានឲ្យដឹងថា ខ្លួនមានឈ្មោះ យូធី ភេទប្រុស នៅភូមិថ្នល់បទ ឃុំពេជ្រមុនី កាលពីព្រឹក បានទ្បើងលើភ្នំដើម្បីរកឃ្មុំហើយរហូតដល់ពេលកើតហេតុខ្លួនក៏បានប្រទះ ឃើញសំណាកសាកសពចងកនៅចង្កេះភ្នំ មានសភាពស្វិតក្រៀមទៅហើយ។

ប្រភពបន្តថា ជនរងគ្រោះចងនៅដើមតាភោក ជើងដល់ដី ចងនឹងវល្លិ៍ឈើម្យ៉ាង មិនស្គាល់ឈ្មោះ ។

ដោយឡែកប្រភព ពីសមត្ថកិច្ចបានឲ្យដឹងថា យោងតាមបំភ្លឺរបស់ ឈ្មោះ ស្រី មណ្ឌល ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិកណ្តុរផើម ឃុំរលំាងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា សាកសពមានឈ្មោះ មូល ភក្តី ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិតាទ្បី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានបាត់ខ្លួនពីផ្ទះ រយ:ពេល៣ខែមកហើយដោយមានវិបត្តិផ្លូវចិត្ត (ប្រពន្ធរត់ចោល) ហើយបានមកស្នាក់នៅនៅក្នុងវត្តស្រះសម្តេចក្នុងភូមិថ្នល់បទ ឃុំពេជ្រមុនី មួយរយ:ពេលនោះ បងប្អូនតាមរកដល់វត្ត តែជនរងគ្រោះគេចខ្លួនបាត់ទៅរហូត ទើបថ្ងៃកើតហេតុនេះ បានទទួលដំណឹងអំពីការប្រទះឃើញនេះ ។

បុរសជាបងបានអះអាងថា សាកសពដែលប្រទះឃើញនេះ គឺពិតជាប្អូនរបស់ខ្លួនពិតប្រាកដមែន ហើយសុំសមត្ថកិច្ចយកទៅធ្វើបុណ្យតាមប្រពៃណី ។

ដោយមានការស្នើសុំ ពីសំណាក់សាច់ញាតិ ក្រោយបំពេញឯកសាររួចរាល់ សមត្ថកិច្ចបានប្រគល់ឲ្យយកទៅធ្វើបុណ្យតាម សំណូមពរ ៕ សេនាសក្តិ


ចែករំលែក៖