ភ្នំពេញ៖ នៅថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ មុននឹងអញ្ជើញទៅជួបសំណេះសំណាលនិងពិសារបាយថ្ងៃត្រង់ជាមួយបងប្អូនអ្នកធាក់ស៊ីក្លូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្តកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Pierre Baillet លេខាធិការអចិន្ត្រៃយ៍នៃសមាគមអន្តរជាតិ នៃអភិបាលក្រុងនិយាយភាសារបារាំង នៅវិមានសន្តិភាព។
លោក Pierre Baillet បានថ្លែអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតិឲ្យរូបលោក និងគណៈប្រតិភូជួបសម្តែកការគួសម បើទោះបីជា សម្តេចតេជោ មានកម្មវិធីមមាញឹកយ៉ាងណាក៏ដោយ។ លោក Pierre បានគោរពជ្រាបជូនសម្តេចតេជោអំពីគោលបំណងនៃគណប្រតិភូដែលបានមកទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺដើម្បីរៀបចំមហាសន្និបាតរបស់អភិបាលក្រុងនិយាយភាសារបារាំងដែលនឹងប្រព្រឹត្តិទៅនៅដើម ខែធ្នូ ឆ្នាំ ២០១៩ នៅរាជធានីភ្នំពេញ។ លោក Pierre Baillet បានកោតសរសើរអំពីការរីកចម្រើននៃទីក្រុងភ្នំពេញសព្វថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយ និងបានទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ ចំពោះគណប្រតិភូដែលដឹកនាំដោយលោក លោក Pierre។ ជាការពិត ការចងសម្ព័ន្ឋមេត្រីរវាងអភិបាលក្រុងនិយាយភាសាបារាំងគឺមានការទំនាក់ទំនងគ្នាជាយូរមកហើយកាលពីឆ្នាំ ១៩៨០ ដែលពេលនោះលោកអភិបាលក្រុងប៉ារីសនៃប្រទេសបារាំង បានបញ្ជូនរថយន្តដឹកសំរាមឲ្យមកកម្ពុជាតាំងពីពេលនោះមក ទោះបីពេលនោះ ប្រទេសបារាំង និងកម្ពុជា មិនទាន់មានទំនាក់ទំនងការទូតជាមួយគ្នានៅឡើយ ព្រោះដោយសារការកាត់ផ្តាច់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។
លោក Pierre សប្បាយរីករាយយ៉ាងខ្លាំងដែលបានឃើញទីក្រុងភ្នំពេញមានការីកចម្រើនយ៉ាងលឿន ហើយទីក្រុងនេះ ក៏ជាទីក្រុងសមាជិកនៃប្រទេសដែលនិយាយភាសារបារាំងផងដែរ។ លោក Pierre បន្តពិត្យមើលទៅលើគម្រោងនានាដែលបានអនុវត្តកន្លងមក និងគម្រោងសម្រាប់ថ្ងៃអនាគត ជាមួយជំនួយដែលបានមកពីសហគមន៍និយាយភាសារបារាំង ក្នុងនោះក៏មានមូលនិធិ Bill Gates ផងដែរ ដើម្បីជួយដល់ការកែលំអរ ស្តារប្រព័ន្ធលំអទីក្រុង បរិស្ថាន កាកសំណល់ ទឹកស្អុយ និងទឹកដក់នៅតាមផ្លូវជាដើម។ លោក Pierre បានគោរពជម្រាបជូន សម្តេចតេជោ បន្តទៀតថា ប្រទេសកម្ពុជា ពិសេសទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប អាជាទីក្រុងគំរូ សម្រាប់ការអភិវឌ្ឍគម្រោងនេះ ដល់ទីក្រុងនៃបណ្តាប្រទេសជិតខាង មានទីក្រុងនៃប្រទេសឡាវ និងប្រទេសវៀតណាមជាអាទ៌។ លោក Pierre ក៏បានគោរពជម្រាបជូនសម្តេចតេជោ ផងដែរថា សមាគមន៍នេះ នឹងគ្រោងរៀបចំធ្វើមហាសន្និបាតរបស់សមាគមន៍ដោយមានការអញ្ជើញចូលរួមពីអភិបាលក្រុងប៉ារីសផងដែរ នៅថ្ងៃទី ៣-៥ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដែលឱកាសនោះនឹងបានពន្លិចឲ្យឃើញនូវគម្រោងអភិវឌ្ឍនានានៅរាជធានីភ្នំពេញ និងទីក្រុងសៀមរាប ហើយក៏បង្ហាញឲ្យសមាជិកពីទ្វីបទាំង ៥ នៃពិភពលោកនេះអញ្ជើញមកចូលរួមផងដែរ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វាពិតជាកិត្តិយសសម្រាប់ព្រះរាជាណចក្រកម្ពុជា ពិសេសរាធានីភ្នំពេញដែលជាទីក្រុងសមាជិកមួយនៃសមាគមន៍នៃទីក្រុងដែលប្រើប្រាស់បារំាង ។ ទន្តឹមនឹងនេះ សម្តេចតេជោបានមានប្រសាសន៍ថា ការរីកលូតលាស់ច្រើន និងផលប្រឈមនៅទីក្រុងដែលមានដូចជាការប្រឈមនៃការកើនឡើងចំនួនប្រជាពលរដ្ឋ និងការអភិវឌ្ឍនៃទីក្រុង ដែលមានការកើនឡើងយ៉ាងខ្លាំង។ ជាក់ស្តែងក្រុងព្រះសីហនុ គឺជួបបញ្ហាកង្វះភ្លើង ទឹកស្អុយ ដែលយើងមិនមានប្រព័ន្ធសម្រាប់ចំរោះទឹកស្អុយទាំងនោះបានមុនហូរចូលសមុទ្រ តែពេលនេះ រាជរដ្ឋាភិបាលកំពុងតែខិតខំរៀបចំប្រព័ន្ធនេះ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានត្រៀមថវិកាបដិភាគសម្រាប់រៀបចំគម្រោងនេះឲ្យទទួលបានជោគជ័យ។
សម្តេចតេជោ ហ៊ុន សែន រីករាយស្វាគមន៍ជានិច្ចចំពោះ គម្រោងនានា ពីការជួយរបស់សមាគមន៍នៃប្រទេសនិយាយភាសារបារាំង។ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានមានប្រសាសន៍ថា ប្រទេសដែលនិយាយភាសារបារាំងភាគច្រើន ជាប្រទេសក្រីក្រ មិនអភិវឌ្ឍដូចប្រទេសដែលនិយាយភាសារអង់គ្លេសនោះទេ។ ពិតប្រាកដណាស់ ប្រទេសដែលនិយាយភាសារបារាំងនេះគឺមានស្មារតីសហការរជាសហគមន៍មួយ ដែលបានជួយគ្នាទៅវិញទៅមក។ ជាក់ស្តែង កន្លងមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងដើម្បី សន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅបណ្តាប្រទេសដែលនិយាយភាសារបារាំងដូចជាប្រទេស ម៉ាលី លីបង់ និងអាហ្រ្វិកកណ្តាល មួយចំនួនផងដែរ។សម្តេចតេជោ បានមានប្រសាសន៍ផងដែថា កម្ពុជាក៏បានយកចិត្តទុកដាក់ទៅលើភាសារបារាំង ដែលពេលនេះ កម្ពុជាក៏បានហ្វឹកហ្វឺនគ្រូ សម្រាប់បង្រៀនភាសារបារាំង នៅក្នុងសាលា មហាវិទ្យាល័យ ពិសេសភាសារបារាំងត្រូវបានប្រើប្រាស់ក្នុង វិទ្យាស្ថានបច្ចេកទេសតិកណូ និងផ្នែកវិជ្ជសាស្ត្រ នៅក្នុងមហាវិទ្យាល័យពេទ្យផងដែរ។
សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយ និងមានមោទនភាពចំពោះប្រទេសកម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់សន្និតបាតរបស់សមាគមន៍អភិបាលក្រុង ដែលនិយាយភាសារបារាំង ដែលនឹងប្រព្រឹត្តិទៅនៅដើមខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ប្រកបដោយសង្ឃឹម ជាមួយស្មារតីសាមគ្គីភាព និងសហប្រតិបត្តិការកាន់តែល្អរឹងមាំថែមទៀត៕