ព័ត៌មានទាន់ហេតុការណ៍៖

រឿង ឯណាខ្មោច? របស់ ចាន់ណា រ៉ូណាន ធ្វើឲ្យអ្នកគាំទ្រអន្ទះសារ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយស្ងប់ស្ងាត់បញ្ចេញស្នាដៃ ផលិតតភាពយន្តអស់មួយរយៈ ពេលរួចមក ផលិតករល្បីឈ្មោះ លោក ចាន់ណា រ៉ូណាន បានបង្ហាញថ្ងៃចាក់បញ្ចាំងច្បាស់លាស់នូវរឿងថ្មីគឺរឿង ឯណាខ្មោច? ។ អ្នកធ្លាប់គាំទ្រស្នាដៃផលិតករវ័យក្មេងរូបនេះ កំពុងអន្ទះសាររង់ចាំថ្ងៃមកដល់ នៃការចាក់បញ្ចាំងភាពយន្តបែបភ័យរន្ធត់នោះ ព្រោះតែពួកគេជឿជាក់លើគុណភាពភាពយន្ត ដែលផលិតករមួយនេះផលិតឡើងថា នឹងមានអ្វីដែលថ្មីទាក់ចិត្ត អ្នកទស្សនាជាក់ជាមិនខាន ។

រឿង ឯណាខ្មោច ដែលទាំងផលិតករ និងសិល្បករដាក់ក្តីរំពឹងខ្ពស់ថា នឹងស្រូបបានអ្នកចូលទស្សនា ច្រើនកុះករនៅពេលខាងមុខ ព្រោះតែភាពយន្តនេះស្ថិតនៅ ក្រោមការសម្រិតសម្រាំងយ៉ាងពិសេស ពីផលិតករលោក ចាន់ ណារ៉ូណាន ដែលធ្លាប់ធ្វើឲ្យផ្ទុះកក្រើក វិស័យភាពយន្តលើរឿងជាច្រើនដូចជារឿង កំណត់ហេតុនាងនាថ រឿង សសរកន្លោង ជាដើម ។ ត្រឹមតែការបញ្ចេញផ្ទាំងផ្សព្វផ្សាយលើកដំបូងដែលប្រកាសថា ភាព យន្តនេះនឹងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី២១ ខែមីនា ប៉ុណ្ណោះ ក៏បានធ្វើឲ្យគេចាប់អារម្មណ៍ជា ខ្លាំង បូករួមទាំងរូបថត និងវីដេអូឈុតក្រៅឆាកក៏មាន​ការគាំទ្រយ៉ាងច្រើនផងដែរ ។

លោក ចាន់ណា រ៉ូណានភាពយន្តរឿង ឯណាខ្មោច? ដែលគឺជាភាពយន្តបែបភ័យរន្ធត់ ដែល បានរៀបចំពិធីក្រុងពាលី និងចេញថតចាប់តាំងពីអំឡុង ខែសីហា ឆ្នាំ២០១៨ ។ ភាពយន្តនេះ មានចូលរួមសម្តែងដោយតារា ប្រុសស្រីល្បីឈ្មោះជាច្រើនមាន ដូចជា លោក ទ្រី តារាវុធ កញ្ញា សួង ស៊ីធឿន លោក ភី ម៉ៃ កញ្ញា យេយេ លោក សាតាន់ លោក ដូ រីកូ ជាដើម ។ ភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងក្នុងរោងភាពយន្តចាប់ពីថ្ងៃទី២១មីនា ឆ្នាំ២០១៩ តទៅ នៅគ្រប់រោងភាព យន្តទាំងអស់ ។

លោកបញ្ជាក់ថា ភាពយន្តនេះនិយាយអំពីក្រុម និស្សិតមួយក្រុម ត្រូវមកចុះកម្មសិក្សា នៅមន្ទីពេទ្យបង្អែក ដែលគេល្បីថាមានខ្មោច លងសាហាវ ចំយប់ដែលគេបញ្ជូនសព តៃហោង កូនស្រីសេដ្ឋីម្នាក់ ស្លាប់ដោយសារក្រឡាប់ឡានធ្លាក់ជ្រោះរក្សាទុកក្នុងមន្ទីពេទ្យនោះ ។ នាយប់ស្ងាត់ពួកគេបានជួបខ្មោច ដែលអ្នកស្រុកតែងនិយាយថា ចេញមកលងបន្លាចគ្រប់គ្នាៗ ពួកគេព្យាយាមរត់គេចខ្មោច ទាំងអស់លង តែបែរជាជួបខ្មោចកូនស្រីលោកសេដ្ឋី បង្ហាញខ្លួន ។

លោកថា ខ្សែភាពយន្តនេះពោរ ពេញដោយឈុតឆាកបន្លាច និងកំប្លែងសើចចុកពោះ ដែលវាគឺជាវណ្ណកម្មថ្មីតម្រូវចិត្ត អ្នកគាំទ្រស្នាដៃលោកកន្លងមក ហើយលោកជឿជាក់ថាភាពយន្តនេះនឹងទទួលបានជោគជ័យ ព្រោះតែគុណភាពនៃការផលិត ត្រូវបានសម្រិតសម្រាំងយ៉ាង ពិសេស ទាំងបច្ចេកទេសថត ការតុបតែងមុខ ការជ្រើសរើស

តារាសម្តែង ទីតាំងថតគួរចាប់អារម្មណ៍ និងសាច់រឿងដ៏ល្អថ្មីប្លែកពីរឿង មុនៗ ៕ វឌ្ឍនា


ចែករំលែក៖