ព័ត៌មានទាន់ហេតុការណ៍៖

មិនទាន់ចប់ ! សម្តេចតេជោ បញ្ជាឱ្យរកមេខ្លោង ជួញដូរគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក របស់អ្នកឧកញ៉ា គិត ធាង

ចែករំលែក៖

ភ្នំពេញ៖ រហូតមកទល់ពេលនេះ សំណុំរឿងជួញដូរគ្រឿងញៀនដ៏ធំសម្បើមនៅមជ្ឈមណ្ឌលកម្សាន្តរ៉ុករបស់អ្នកឧកញ៉ា គិត ធាង បងប្រុសបង្កើតអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានធ្លាក់ដល់ដៃតុលាការហេីយ ។

មនុស្សជាង៣០០នាក់និងគ្រឿងញៀនជាង៥០គីឡូក្រាម ត្រូវបានរកឃើញនៅរ៉ុក ។ ប៉ុន្តែទីបំផុតមនុស្ស១៧នាក់ប៉ុណ្ណោះ ដែលត្រូវបញ្ជូនមកតុលាការ ដេីម្បីឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នេះ ថា តុលាការកំពុងបន្តចំណាត់ការស៊េីបសួរ ។

ដោយឡែក នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាឱ្យស្រាវជ្រាវ ស៊ើបអង្កេត ដល់ឫសគល់ពាក់ព័ន្ធមេខ្លោង និង អ្នកនៅពីក្រោយ នៃអំពើជួញដូរគ្រឿងញៀនដ៏ធំសម្បើមរបស់មជ្ឈមណ្ឌលកម្សាន្តរ៉ុក ។

សម្តេចតេជោ សង្កត់ធ្ងន់ថា “យើងមិនអាចអត់ឱនឱ្យបានឡើយ”។

ប្រសាសន៍សម្តេចតេជោ ធ្វើឡើងក្នុងប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ទទួលបានលិខិតមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបង្ហាញថា ឧកញ៉ា គិត ធាង ជាម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ុក យ៉ាងពិតប្រាកដ ។

លិខិតចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ ចេញក្រោយបង្ក្រាបនៅរ៉ុកបាន២ថ្ងៃ បង្ហាញថា ឧកញ៉ា គិត ធាង ធ្លាប់ធ្វើកិច្ចសន្យាចំនួន២ដង រួចមកហើយ ។

ឧកញ៉ា គិត ធាង ធ្លាប់សន្យាថា មិនឱ្យមានការប្រើប្រាស់ឬជួញដូរគ្រឿងញៀននៅរ៉ុកនោះទេ ។ ក្នុងករណីមិនបានអនុវត្តតាមការសន្យានេះ ឧកញ៉ា គិត ធាង នឹងបិទអាជីវកម្ម និង ព្រមទទួលខុសត្រូវ តាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង ច្បាប់ផ្សេងៗទៀត ។

កន្លងមក មានលេចឮព័ត៌មានថា ឧកញ៉ា គិត ធាង បានផ្ទេរសិទ្ធិកាន់កាប់មជ្ឈមណ្ឌលកម្សាន្តរ៉ុក ទៅជនជាតិចិន ។ ប៉ុន្តែតាមរយៈនេះ គឺ ពុំបានបញ្ជាក់ថា រ៉ុក ស្ថិតក្រោមការគ្រប់គ្រងរបស់ជនជាតិចិនឡើយ។

ពេលនេះ មជ្ឈដ្ឋានជាច្រើន រង់ចាំមើលថា តេីអាជ្ញាធរមានសមត្ថកិច្ច ហ៊ានចាប់ខ្លួនឧកញ៉ា គិត ធាង ដែរឬទេ ? ៕ចេស្តា


ចែករំលែក៖