ខេត្តសៀមរាប៖ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារខេត្ត ចុះទៅត្រួតពិនិត្យ ទីតាំងភូមិសាស្ត្រ បងប្អូនប្រជាពលរដ្ឋ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបានស្នើសុំដី ដើមី្បបង្កបង្កើនផល ក្រៅពីការធ្វើនេសាទ ដែលជាដីព្រៃលិចទឹក រិចរឹល នៅអមសងខាងដងផ្លូវ ជម្រៅ២០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ឃុំកំពង់ភ្លុក ។
លោក នឹង នី មេឃុំ កំពង់ភ្លុក បានឲ្យដឹងថា ដោយសារកំណើនប្រជាពលរដ្ឋពីមួយឆ្នាំទៅមួយឆ្នាំ ចង់ផ្លាស់ប្តូរពីការនេសាទ ទៅបង្កបង្កើនផលវិញ ដោយ អាជ្ញាធរខេត្តសៀមរាប កន្លងមក ធ្លាប់បានផ្តល់ដីសម្បទានរបស់រដ្ឋស្ថិតនៅក្នុងស្រុកស្វាយលើ ជូនបងប្អូនប្រជាពលរដ្ឋទទួលបានតាមការកំណត់បែងចែកឲ្យទៅតាមគ្រួសារ ប៉ុន្តែនៅពេលដែលប្រជាពលរដ្ឋនោះទៅកាប់រានដីធ្វើស្រែចំការ ក៏មានប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រនោះ ទៅតវ៉ារារាំង ព្រមទាំងមានការគំរាមកំហែងដល់អាយុជីវិតធ្វើឲ្យពួកគាត់មានការភ័យខ្លាច ក៏ម្រេចចិត្តវិលត្រឡប់មកស្រុកភូមិខ្លួនវិញ ប្រកបការងារនេសាទដដែល ។
ក្នុងនោះដែរបងប្អូន ក៏បានសំណូមពរដល់អាជ្ញាធរខេត្ត សូមឲ្យជួយសម្រួស និងផ្តល់ដីបង្កបង្កើនផលទៅតាមលទ្ធភាពជាក់ស្តែង នៅក្នុងភូមិសាស្ត្រ ឃុំកំពង់ភ្លុក ស្របអមដងផ្លូវ ដែលមានជម្រៅ២០០ម៉ែត្រសងខាង ។ ក្នុងនោះលោកមេឃុំបានបញ្ជាក់ថា ចម្ងាយដីព្រៃលិចទឹកផ្នែកខាងកើតផ្លូវ មានប្រវែង ៥ពាន់ម៉ែត្រ ខាងលិចផ្លូវ ២ពាន់ម៉ែត្រ ស្របសងខាងផ្លូវទៅដល់សាលាឃុំកំពង់ភ្លុក ៩ពាន់ម៉ែត្រ និង ទៅ ដល់មាត់ទន្លេ ៥ពាន់ម៉ែត្រ ដែលជាប្រភេទព្រៃគប់លិចទឹក ។ ម៉្យាងទៀតការសុំដីនេះ ក៏សុំក្នុងដែនដីព្រៃរិចរឹល ចំពោះព្រៃលិចទឹកក្នុងភូមិសាស្ត្រឃុំកំពង់ភ្លុក ត្រូវបានសហគមន៍រួមសហការគ្នាអភិរក្ស ថែរក្សា ពីព្រោះថា ព្រៃលិចទឹកនេះហើយ ជារនាំងនៃអាយុជីវិតរបស់ប្រជាពលរដ្ឋឃុំកំពង់ភ្លុក ហើយបានកំពុងទាក់ទាញភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្តជារៀងរាល់ថ្ងៃទៀតផង ។
តាមការបញ្ជាក់របស់រដ្ឋបាលជលផលខេត្តបានឲ្យដឹងថា ទីតាំងផ្ទៃដីដែលបងប្អូនបានលើកឡើងនេះ គឺជាទីដែនជម្រកព្រៃលិចទឹក សម្រាប់ត្រីពងកូន នៅក្នុងរដូវវស្សា ។ ក្នុងពេលកន្លងមក ដីព្រៃលិចទឹកមួយផ្នែកធំ ត្រូវបានប្រជាពលរដ្ឋនៅឃុំផ្សេងៗខាងលើ បានចូលមកកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្នុងការធ្វើស្រែប្រាំង តែចំពោះប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្លុក ក្រៅពីការងារ នេសាទ ពួកគាត់គ្មានដីបង្កបង្កើនផលឡើយ ព្រមទាំងបានអភិរក្សព្រៃលិចទឹក ដែលជាអាយុជីវិតរបស់ពួកគាត់ទៀតផង ។
លោក ទៀ សីហា ក៏បានបញ្ជាក់ជូនបងប្អូនឲ្យបានដឹងថា បញ្ហាដីតំបន់ព្រៃលិចទឹកនេះ គឺមានការទាក់ទងទៅនឹងអាជ្ញាធរបឹងទន្លេសាប , បរិស្ថាន , រដ្ឋបាលជលផល ដោយតំបន់នេះ ត្រូវបានកំណត់ជា៣តំបន់ គឺតំបន់១ តំបន់២ និង តំបន់៣ ដែលជាតំបន់ត្រូវមានការហាមឃាត់យ៉ាងតឹងរឹងទៀតផង ។ ម៉្យាងទៀតចំពោះការស្នើសុំរបស់បងប្អូននៅពេលនេះ អាជ្ញាធរខេត្ត នឹងបង្កើតគណៈកម្មការមួយ ដើមី្បសិក្សាស្វែងយល់ នូវរាល់ផលប៉ះពាល់តំបន់ព្រៃលិចទឹក នៅក្នុងភូមិសាស្ត្រឃុំកំពង់ភ្លុង ឲ្យបានច្បាស់លាស់ត្រឹមត្រូវ តើមានប៉ះពាល់អី្វខ្លះ ។ ក្នុងនោះដែរ លោកក៏បានសំណូមពរ និងណែនាំដល់អាជ្ញាធរ និង ប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្លុកទាំងមូល ចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ ក្នុងការការពារធនធានធម្មជាតិ ព្រៃលិចទឹក ដែលជាទីដែនជម្រកត្រីពងកូន និង ជម្រកសត្វស្លាបរស់នៅ ដែលបានផ្តល់អត្ថប្រយោជន៍ដល់បងប្អូននៅក្នុងសហគមន៍នេះទាំងមូល ក្នុងការរកចំណូលផ្គត់ផ្គង់ក្រុមគ្រួសារ ក្រៅពីការធ្វើនេសាទ គឺទទួលផលបានពីការបម្រើសេវាកម្មទេសចរណ៍ ។
លោកក៏បានបញ្ជាក់ថា ឃុំកំពង់ភ្លុក មានសក្តានុពលលើវិស័យទេសចរណ៍ ដោយមានធនធានធម្មជាតិ ព្រៃគប់លិចទឹក ដ៏ស្រស់ស្អាតទាំងរដូវប្រាំង និង វស្សា ក្នុងការទាក់ទាញអារម្មណ៍ភ្ញៀវជាតិ អន្តរជាតិចូលមកទស្សនា កម្សាន្ត នៅទីជម្រកសត្វផងដែរ ។
កត្តាទាំងនេះ ក៏សបញ្ជាក់ ឲ្យឃើញច្បាស់ នូវតម្លៃសុខសន្តិភាព ក្រោមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ដូច្នេះដើមី្បភាពសុខសាន្តដល់សង្គមជាតិ យើងគ្រប់រូប ត្រូវតែ រួមគា្នថែរក្សានូវសុខសន្តិភាព ក៏ដូចជាការ ថែរក្សា អភិរក្សនូវធនធានធម្មជាតិ (ព្រៃលិចទឹក ) និងជីវចម្រុះនៅបឹងទន្លេសាប ដើមី្បជាផលប្រយោជន៍មរតកសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់ បានយល់ពីធនធានធម្មជាតិបឹងទន្លសាប គឺពពួកពូជមច្ឆជាតិ នៅកម្ពុជា ៕ ប៊ុនរិទ្ធី