ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ឆ្វេង មិនប្រយត្ន័ ត្រូវម៉ូតូមកបញ្ច្រាសបុករងរបួសធ្ងន់៤នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរស៤នាក់ បានរងរបួសធ្ងន់ទាំងសងខាង ខណៈដែលជិះម៉ូតូបត់ឆ្វេងខ្វះប្រុងប្រយត្ន័ ក៏ត្រូវម៉ូតូមកបញ្ច្រាសគ្នា បុកពេញទំហឹងលាន់សូរប្រាវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីថ្ងៃច័ន្ទ៦កើត ខែផល្គុន ឆ្នាំចសំរិទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣៥នាទីយប់ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៦៣និង១៦៤ ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

តាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសដែលបើកម៉ូតូបង្កហេតុមានឈ្មោះ ញ៉ាញ់ គា អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ខណៈម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CL-6990 ខូចខាតយ៉ាងដំណំ។

ចំណែកភាគីរងគ្រោះមានឈ្មោះម៉ង់ សូនា ភេទ ប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងអ្នករួមដំណើរមានឈ្មោះឌុន រតនា អាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងឈ្មោះ រស់ សំអឿន អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CL-6990 ធ្វើដំណើរពីលិចទៅកើតហើយ ក៏បានបត់ឆ្វេងមិនប្រុងប្រយត្ន័ ស្រាប់តែមានមួយគ្រឿងម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខត្បូងឃ្មុំ 1A-4568 ជិះគ្នា៣នាក់ក្នុងទិសដៅបញ្ច្រាសគ្នា ចាប់ហ្វ្រាំងមិនទាន់ ក៏បុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមក អ្នករងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម និងនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីជួយសង្គ្រោះជីវិត។

ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែង និងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖