ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់ដែលគេស្គាល់ច្បាស់ថា ជាប្រពន្ធរបស់មន្ត្រីនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រខេត្តកំពង់ស្ពឺ និងសាច់ញាតិម្នាក់ទៀតបានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលជិះម៉ូតូ១គ្រឿង ហើយត្រូវបានរថយន្តធុនធំដឹកទំនិញ(អំពៅ) បើកលឿនដោយយុវជនម្នាក់ជាតៃកុងស្ទើរភ្លើង ចូលចំណែកផ្លូវខាងម៉ូតូទាំងបំពាន បុកកិនពេញទំហឹងអូសធ្លាក់ផ្លូវជាតិតែម្តង ។
ក្រោយបង្កហេតុរួចតៃកុងរថយន្តធុនធំបានចតរថយន្តទុកចោលរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង០៣ និង១០នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥១ទៅលេខ៥២ ស្ថិតនៅក្នុងភូមិជំនាប់ ឃំុសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
បើតាមសម្តីរបស់មន្ត្រីនគរបាលខេត្តមួយរូបបាននិយាយឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញមានម៉ូតូ០១គ្រឿងម៉ាកហុងដា (ឌ្រីមសង់) សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AV-1177 បើកបរដោយឈ្មោះ ញ៉ឹម ញ៉េន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិចាន់ពីង ឃំុត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឌុបឈ្មោះ ផុន សុជាតា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ដូរ (ដែលគេស្គាល់ច្បាស់ថាជាប្រពន្ធរបស់មន្ត្រីនគរបាលបច្ចេកទេសខេត្តកំពង់ស្ពឺ មានឈ្មោះខៀវ ថុឃា) មានទីលំនៅភូមិប៉ែលហែល សង្កាត់ទំព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីទិសចាងត្បូងទៅទិសខាងជើង។
ប្រភពបន្តថា លុះពេល ធ្វើដំណើរមក ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត០១គ្រឿងម៉ាកHYUNDAI(ហ៊ីយ៉ាន់ដាយ) ជាប្រភេទដឹកទំនិញធុនធំ (ដឹកអំពៅ) ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C-9654 បើកបរដោយឈ្មោះ ហន ថន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបររថយន្តដឹកអំពៅកាត់រួច មានទីលំនៅភូមិអូរពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីទិសខាងជើងទៅទិសខាងត្បូងក្នុងល្បឿនលឿនដូចហោះ បានបើកចូលចំណែកផ្លូវម្ខាងទៀតរបស់ម៉ូតូជនរងគ្រោះ បណ្តាលឲ្យបុកកិនម៉ូតូចំពេញទំហឹងអូសធ្លាក់ទៅផ្លូវម្ខាងបណ្តាលឲ្យ ស្លាប់មនុស្សទាំង០២នាក់តែម្តង ។
ក្រោយបង្កហេតុរួចតៃកុងរថយន្តបង្កហេតុបានរត់គេចខ្លួនបាត់ ប៉ុន្តែបានបន្សល់ឯកសារមួយចំនួនងាយស្រួលដល់សមត្ថកិច្ចជំនាញស្រាវជ្រាវស្វែងរកដែរ ។
បើតាមសម្តីរបស់មន្ត្រីនគរបាលខេត្តមួយរូបបាននិយាយថា កាលពីរថ្ងៃកន្លងទៅក្រុមជនរងគ្រោះជាសាច់ញាតិបានមកចូលរួមពិធីមង្គលការបងប្អូននៅក្នុងសង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយនៅរសៀលថ្ងៃកើតហេតុនេះ ក្រុមជនរងគ្រោះបានវិលត្រឡប់ទៅកាន់ស្រុកឱរ៉ាល់ ដែលជាកន្លែងប្រកបមុខរបរវិញដោយធ្វើដំណើរតាមផ្លូវជាតិលេខ៤៤ ស្រាប់តែទៅដល់កន្លែងកើតហេតុមានរថយន្តធុនធំបើកបរក្នុងល្បឿនលឿនបុកកិនក្រុមជនរងគ្រោះពេញទំហឹងតែម្តង ។
បើតាមសម្តីប្រជាពលរដ្ឋអ្នកចោមរោមមើលនៅកន្លែងកើតហេតុជាពិសេសអ្នករស់នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ក្នុងស្រុកឱរ៉ាល់ និងស្រុកថ្ពងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពពួកគាត់ធ្វើដំណើររាល់ថ្ងៃ ដោយសារតែក្រុមរថយន្តធុនធំៗទាំងអស់នោះ (រថយន្តដឹកអំពៅដើម និងអំពៅកាត់រួចហើយ)បើកបរដោយតៃកុងក្មេងស្ទាវៗ ក្នុងល្បឿនលឿៗវ៉ា ជែងគ្នាមិនគិតពីការបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកធ្វើដំណើរនោះឡើយ ។
កន្លងមករថយន្តដឹកអំពៅទាំងអស់នោះតែងតែបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើររាប់ដងមិនអស់ហើយ រាល់ករណីកើតហេតុតៃកុងរថយន្តតែងតែរត់គេចខ្លួនរហូត ។
ដូចនេះបងប្អូនប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ពាក់ពន្ធ័មេត្តាជួយចុះពិនិត្យក្រុមរថយន្តដឹកអំពៅនេះផង ជាពិសេសតៃកុងរថយន្តជាប្រភេទក្មេងស្ទាវៗ មេត្តាចុះផ្សព្វផ្សាយអប់រំដល់តៃកុងរថយន្តផង ។
លោក ខៀវ ថុឃា មន្ត្រីនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តបានប្រាប់ឲ្យក្រុមអ្នកសារព័ត៌មានឲ្យដឹងថាប្រពន្ធរបស់លោក និងសាច់ញាតិរងនូវភាពអយុត្តិធម៌ដោយរថយន្តធុនធំបើកបុកកិនទាំងបំពានតែម្តង ក្នុងនាមលោកជានគរបាលខេត្តមួយរូប ដែលសូមសំណូមពរដល់នគរបាលជំនាញចរាចរណ៍ជួយរកយុត្តិធម៌ដល់ប្រពន្ធ និងសាច់ញាតិលោកផង ពីព្រោះលោកត្រូវបាត់បង់ប្រពន្ធ កូនកំព្រារ២នាក់ថែមទៀតផង ។
នគរបាលស្រុកឱរ៉ាល់និយាយថា ចំពោះម៉ូតូជនរងគ្រោះរងការខូចខាតម០១គ្រឿង ទាំងស្រុងតែម្តង (ខូចខ្ទេច)រថយន្តបង្កហេតុ ខូចខាតកំរិត ស្រាលនោះទេ ។
ក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះទៅវាស់វែងនៅកន្លែងកើតហេតុ និងបានប្រគល់សាកសពជនរងគ្រោះទាំង០២នាក់ ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមទំនៀមទំលាប់ប្រពៃណី ។ រីឯវត្ថុតាងកំពុងចាត់ចែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ រងចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយទៀត ។
នគរបាលស្រុកបានបញ្ជាក់ផងដែលថា: អ្នកបើកបររថយន្តក្រោយកើតហេតុបានចុះរត់គេចខ្លួន ដោយបានបន្សល់ទុកតែឯកសារពាក់ព័ន្ធជាប់នៅក្នុងរថយន្តតែប៉ុណ្ណោះ ៕ សេនាស័ក្តិ