ព័ត៌មានទាន់ហេតុការណ៍៖

បាញ់២គ្រាប់ គំរាមបុរសម្នាក់រួចវាយបន្ថែមឲ្យរងរបួស និងលើកដាក់លើម៉ូតូយកទៅបាត់ ពីវត្តឫស្សីស្រស់ ផ្អើលព្រះសង្ឃទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៥នាក់ ជិះម៉ូតូ៣គ្រឿង ចូលមកក្នុងវត្តឫស្សីស្រស់ ហើយបានធ្វើសកម្មភាពចាប់បុរសម្នាក់ វាយបណ្តាលឲ្យរងរបួស រួចបាញ់ភ្ញច់ដីគំរាម២គ្រាប់ តែផ្ទុះ១គ្រាប់ និង១ទៀតមិនផ្ទុះធ្លាក់ទៅលើដីធ្វើឲ្យផ្អើលដល់ព្រះសង្ឃនៅក្នុងវត្តទាំងយប់ រួចគ្រៀកជនរងគ្រោះ ដាក់លើម៉ូតូយកទៅបាត់ដោយមិនដឹងមូលហេតុ ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្នុងវត្តឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពពីព្រះសង្ឃមួយអង្គម្នាក់ ជាគ្រូសូត្រស្ដាំបានអោយភ្នាក់ងារសារព័ត៍យើងដឹងថា មុនពេលកើតហេតុលោកបានឃើញសង្ស័យ មានគ្នា៥នាក់ជិះម៉ូតូ៣គ្រឿង បានជិះចូលមកក្នុងវត្តហើយបានមកចាប់បុរសម្នាក់ដែលអង្គុយលេងក្នុងវត្តហើយឈានទៅដល់ប្រតាយប្រតប់ជាមួយបុរសម្នាក់ដែលលោកស្គាល់ថា ធ្លាប់ចេញចូលក្នុងវត្តនេះ រៀងរាល់ថ្ងៃផងដែរ ដោយឡែកផ្ទះរបស់ម្នាក់នេះ ក៏នៅខាងវត្តមិនដឹងជាមានរឿងអ្វីដែរ ទើបឈានទៅដល់ទំនាស់ពាក្យសម្តីដាក់គ្នាកើតជាហិង្សាវាយទៅលើជនរងគ្រោះបណ្តាលរងរបួសរួចបាញ់គំរាម២គ្រាប់ភ្ញច់ដីតែផ្ទុះ១គ្រាប់ ចំណែក១គ្រាប់ទៀតមិនបានផ្ទុះទេ បានត្រឹមធ្លាក់ទៅលើដី រួចក៏លើកជនរងគ្រោះដាក់លើម៉ូតូដឹកចេញទៅបាត់ថាយកទៅប៉ុស្តិ៍ ។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍និរោធ ម្នាក់បានឲ្យដឹងថា ក្រោយពីបានទទួលករណីផ្ទះអាវុធនៅក្នុងវត្តឫស្សីស្រស់ភ្លាម កម្លាំងរបស់លោកបានចុះមកដល់ហើយ ក៏បានសួរនាំព្រះសង្ឃនៅក្នុងវត្តផងដែរ តែមិនបានឃើញជនសង្ស័យនោះទេ រួចក៏បាននាំគ្នាជិះម៉ូតូចេញពីវត្តអស់ ចំណែកជនរងគ្រោះព្រះសង្ឃប្រាប់ថា ត្រូវជនសង្ស័យដឹកមកប៉ុស្តិ៍តែ សមត្ថកិច្ចមិនបានឃើញទេ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងសាវជ្រាវបន្តទៀត ៕ ភារ៉ា ដង្កោ


ចែករំលែក៖