ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះបទ ប្តី69 តារាចម្រៀង ហៃណា បញ្ចេញបទថ្មី ចេះក្បត់ទើបស្ទាវ

ចែករំលែក៖

ភ្នំពេញ៖ អតីតអ្នករាំតាមឆាកតន្ត្រីវិវត្តន៍ខ្លួនជាតារាច្រៀង លោក ហៃណា ធ្លាប់បានធ្វើឲ្យទស្សនិកជនមាន ការភ្ញាក់ផ្អើលនឹងស្នាដៃបទចម្រៀង ប្តី69 កាលពីឆ្នាំមុន ។ ទំនេរដៃពីការងារជាអ្នករកស៊ីផ្នែកអចនទ្រព្យ តារារូបនេះបានបញ្ចេញស្នាដៃបទចម្រៀងOriginal ថ្មីគឺបទ ចេះក្បត់ទើបស្ទាវ ដែលគេដឹងថាយកលំនាំ តាមពាក្យពេញនិយមសម្រាប់យុវវ័យនោះ ។

តារាចម្រៀងក្នុងផលិតកម្ម 3pixel ហៃណា បានបញ្ជាក់ថា កន្លងទៅបទចម្រៀងរបស់លោកទទួលបាន ការគាំទ្រច្រើនគួរសម ទើបលោកមិនចង់ឲ្យការងារសិល្បៈចម្រៀងមានសភាពស្ងត់ទើបត្រូវបញ្ចេញបទថ្មី និងតបការស្នើសុំរបស់អ្នកគាំទ្រ ។ លោកបញ្ជាក់ថាកន្លងមកលោកមិនមានពេលវេលាច្រើនជាមួយការងារសិល្បៈនោះទេ ព្រោះតែត្រូវជួយមើលការងារលក់ដូរផ្ទះលែ្វង និងដីឡូតិ៍របស់បងប្អូននាតំបន់ខណ្ឌដង្កោ គឺ គម្រោងផ្ទះល្វែងជឿន សារឹទ្ធ ។

លោកបញ្ជាក់ថា បទចម្រៀងថ្មីនេះ គឺជាបទចម្រៀងបែបមនោសញ្ចេតនា សោកសង្រេង និងជាបទភ្លេងថ្មី ។ លោកថា ក្រោយពីបញ្ចេញបទចម្រៀងថ្មីបានប៉ុន្មានថ្ងៃនេះ ក៏ទទួលបានគាំទ្រ និងសរសើរច្រើនពីអ្នកស្តាប់ថា មានទាំងអត្ថន័យ បទភ្លេងពិរោះ និងទឹកដមសំនៀងពិរោះប្លែក ។

លោកថាដោយទឹកចិត្តស្រឡាញ់សិល្បៈ លោកនៅតែចិញ្ចឹមចិត្តបញ្ចេញស្នាដៃបទចម្រៀងថ្មីៗ បន្តទៀត ដើម្បីបំពេញបំណងខ្លួន និងបំពេរអារម្មណ៍អ្នកគាំទ្រ ជាមួយបទចម្រៀងថ្មី ។ ក្នុងពេលដ៏ខ្លីខាងមុខនេះលោក នឹងបន្តបញ្ចេញបទចម្រៀង Original Songទី៣គឺបទ លទ្ធផលក្បត់ ផងដែរ ។

លោករំពឹងដែរថា បទចម្រៀងថ្មីៗរបស់លោក នឹងជួយទាញបានអ្នកគាំទ្រលោកកាន់តែច្រើន និងទទួលបាន ការពេញនិយមពីក្រុមអ្នកស្តាប់ ហើយលោកនឹងបន្តរិះរកអ្វីដែលថ្មីប្លែកសម្រាប់បម្រើការ កម្សាន្តរបស់ទស្សនិកជននៅថ្ងៃអនាគតផងដែរ ៕ វឌ្ឍនា


ចែករំលែក៖