ខេត្តព្រះសីហនុ៖ មជ្ឈមណ្ឌលកម្សាន្ដ និងកាស៊ីណូ របស់ជនជាតិចិនមួយកន្លែង យីហោ «ជីន ទីង» មានទីតាំងនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបង្កសំឡេងរំខានយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ត្រូវបាន អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចចុះបិទអាជីវកម្មទាំងស្រុង។
ការចុះបិទអាជីវកម្ម មជ្ឈមណ្ឌលកម្សាន្ដ «ជីន ទីង» នេះបានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ក្រោមហេតុផលជាច្រើនផ្សេងទៀតផងដែរ រួមមាន៖ ពុំមានប្រព័ន្ធចម្រោះទឹកកខ្វក់ (បង្ហូរចូលសមុទ្រ), ទីតាំងកាស៊ីណូសាងសង់នៅលើដីឆ្នេរសមុទ្រ, ទីតាំងម៉ាស៊ីនភ្លើងដាក់លើផែ ដែលបង្កឲ្យមានប្រេងហូរចូលសមុទ្រ និងមានសំឡេងតន្តី្រទ្រហឹង ជាហេតុធ្វើឲ្យប៉ះពាល់បរិស្ថាននិងអ្នករស់នៅជិតខាងយ៉ាងខ្លាំង។
មន្រ្តីសាលាខេត្តព្រះសីហនុបានឲ្យដឹងថា ទីតាំងខាងលើបានប្រើប្រាស់អាជ្ញាប័ណ្ណប្រកបអាជីវកម្មល្បែងភ្នាល់អនឡាញ៍ហួសសុពលភាព, ការអ្នកគ្រប់គ្រង់សន្ដិសុខ ប្រចាំការនៅកាស៊ីណូមិនល្អដោយមាន បានបាញ់គម្រាម និងបង្កឲ្យមានរបួសស្នាម, មានការបំពងសំឡេងខ្លាំង (ធុងបាស់) រាល់យប់ស្ទើរតែទល់ភ្លឺពីទីតាំងកាស៊ីណូបណ្ដាលឲ្យរំខាន ដល់ការស្នាក់នៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសដែលមកកម្សាន្ដនៅក្បែរនោះ។
ប្រភពដដែលបនាឲ្យដឹងទៀតថា កន្លងមករដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរសង្កាត់កោះរ៉ុងសន្លឹម ធ្លាប់បានចុះធ្វើការណែនាំ និងធ្វើកំណត់ហេតុដើម្បីឲ្យម្ចាស់ទីតាំងកាស៊ីណូរុះរើសំណង់ចេញពីតំបន់ឆ្នេរម្តងជាពីរដងរួចមកហើយ តែម្ចាស់កាស៊ីណូនេះ ពុំព្រមអនុវត្តតាម ព្រមទាំងផ្គើននឹងអាជ្ញារដែនដីទៀត៕ ឆ្លាមសមុទ្រ