ព័ត៌មានទាន់ហេតុការណ៍៖

ចូលកោសជប់ ម៉ាស្សា ត្រូវនាងៗបន្លំលួចដូរយកលុយដុល្លារពិត ដាក់លុយដុល្លារខ្មោច ផ្អើលទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរស២នាក់ បានវាយបំបាក់រានទេវតាផ្ទះអ្នកជិតខាងបែកខ្ទេច ព្រោះតែខឹងនឹងផ្ទះកោសជប់ម៉ាស្សា បន្លំលួចលុយរបស់ពួកគេ អស់ចំនួន៤០០ដុល្លារ ហើយដាក់លុយដុល្លារខ្មោចឲ្យវិញ លុះពេលទៅដល់ផ្ទះទើបដឹងថា លុយក្លែងក្លាយ ក៏ប្រញាប់ត្រឡប់មកទីតាំងកោសជប់ម៉ាស្សាវិញ តែត្រូវនារីទាំងអស់នោះចាក់សោទ្វារផ្ទះ ហើយនាំគ្នាគេចខ្លួនបាត់អស់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបុរសរងគ្រោះទាំង២នាក់ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់មានអការមិនស្រួលខ្លួនហើយបាននាំគ្នាចូលទៅកន្លែងកើតហេតុខាងលើ ដើម្បីកោសជប់ និងម៉ាស្សា ដោយនារីៗម៉ាស្សានោះ ឲ្យពួកគាត់ស្រាតខោអាវទុកចុងជើង ដើម្បីជប់ខ្យល់ និងកោសជប់ ។

ប្រភពបន្តថា បន្ទាប់ពីកោសជប់រួច ពួកគាត់មិនចាប់អារម្មណ៍នោះទេ ក៏បានវិលត្រឡប់មកផ្ទះវិញ និងឆែកមើលក្នុងហោប៉ៅរបស់ខ្លួន ស្រាប់តែឃើញលុយដុល្លារខ្មោចចំនួន៤០០ដុល្លារ ក៏ផ្អើលឆោទ្បោដឹងថា បាត់លុយអស់ ៤០០ដុល្លារ ទើបត្រឡប់មកទីតាំងម៉ាស្សានោះវិញ ។ ប៉ុន្តែត្រូវបានម្ចាស់ហាងបិទទ្វាររត់បាត់ ទើបធ្វើឲ្យពួកគាត់ខឹងខ្លាំង ក៏បានវាយបំបាក់រានទេវតាផ្ទះអ្នកជិតខាងនៅក្បែរនោះ បាក់អស់មួយតែម្តង ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋរស់នៅក្បែរនោះ ក៏បានទូរស័ព្ទទៅសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីជួយធ្វើអន្តរាគមន៍ ដោយនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង និងឲ្យសងថ្លៃខូចខាតរានទេវតាផ្ទះអ្នកជិតខាងផងដែរ ៕ ភារ៉ា ដង្កោ


ចែករំលែក៖