ប៉ោយប៉ែត៖ គួរឲ្យសង្វេគសពពលករខ្មែរ៣ នាក់ស្លាប់នៅប្រទេថៃ បញ្ជូន ឲ្យសាច់ញាតិក្នុងពេលតែមួយតាម ច្រកទ្វារអន្តជាតិប៉ោយប៉ែត កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅក្នុងវត្តបាលិលេយ្យ ឋិតក្នុងភូមិក្បាលស្ពាល១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើបុណ្យនៅស្រុកកំណើត ។
សពរងគ្រោះទី១ ឈ្មោះ សួន ស៊ីចិន ភេទប្រុស អាយុជាង២០ឆ្នាំ រស់នៅភូមិសំរោង ឃុំធ្មេញត្រី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
សាច់ញាតិបញ្ជាក់ថា សពរងគ្រោះជួបគ្រោះថ្នាក់ ចរាចរណ៍នៅប្រទេសថៃកាល ពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅក្នុងខេត្តឆាក់ឆឺងសៅ ដោយសពរងគ្រោះត្រូវរថយន្តធុនតូចពីរគ្រឿងជែងគ្នា ជ្រុលចង្កូតមកបុកគ្រាដែលសព រងគ្រោះជិះម៉ូតូបត់ចូលផ្លូវលំសំដៅមកបន្ទប់ស្នាក់នៅ ។ ចំណែករថយន្តបង្កត្រូវសមត្ថកិច្ចថៃចាប់បានបន្ទាប់ពីបង្កហេតុ ។
សពរងគ្រោះទី២ មានឈ្មោះ ឌុយ តឿ ហៅឡា ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មកររោងចក្រដែក នៅប្រទេសថៃ មានទីលំនៅភូមិចម្លាក់ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
ឪពុកកជនរងគ្រោះឈ្មោះ ឌុយ ឌឿក អាយុ៥២ឆ្នាំ ប្រាប់ថា កូនប្រុសរបស់គាត់បានស្លាប់ ដោយសាររបូតគ្រីបដែក ធ្លាក់ពីរថយន្តសង្កត់ កាលពីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសាមុទ្របាកាន ។
សពរងគ្រោះទី៣ មានឈ្មោះ លៀង សៃណយ ភេទស្រី អាយុ២២ឆ្នាំ រស់នៅឃុំកំពងក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ជាកម្មករនៅប្រទេសថៃ ។
សាច់ញាតិប្រាប់ថា ស្រ្តីរងគ្រោះបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅកំណាត់ផ្លូវជាតិលេខ៣០៤ ឋិតក្នុងស្រុកមហារ៉ាខាម ខេត្តឆាកឆឺងសៅ (ថៃ) ដោយរថយន្តថៃដឹកពលករខ្មែរ ក្រឡាប់ធ្លាក់ផ្លូវ ។
គួររំលឹកថាៈ ពលករខ្មែរស្លាប់១នាក់ របួសធ្ងន់៦នាក់ ក្នុងករណីក្រឡាប់រថយន្ត កាលពីម៉ោង ០៦ព្រឹក ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩ ។ រថយន្តឈ្នួល ដឹកពលករខ្មែរ ចំនួន ១០នាក់ មកពីតំបន់ ប្រារ៉ាមសង ទៅព្រំដែនប្រទេសកម្ពុជា បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តធ្លាក់ផ្លូវ នៅលើផ្លូវជាតិ ៣០៤ ត្រង់ចំណុចគីឡូម៉ែត្រ លេខ៨៥-៨៦ស្ថិតនៅក្នុងស្រុកមហាសារ៉ាខាម ខេត្តឆាក់ឈើងសៅ ប្រទេសថៃ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តខាងលើនេះ បណ្ដាលឲ្យស្ត្រីជាពលករខ្មែរម្នាក់ ឈ្មោះ លៀង សៃណយ អាយុ ២២ ឆ្នាំ សញ្ជាតិខ្មែរ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងពលករចំនួន០៥នាក់ទៀតរងរបួសធ្ងន់ ក្រោយពេលកើតហេតុជនរងគ្រោះទាំងអស់ត្រូវបានសមត្ថកិច្ចថៃបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបាងក្លាវ ខេត្តឆាក់ឈើងសៅ ។ ចំណែកឯមូលដែលបង្កឲ្យកើតគ្រោះថ្នាក់ក្រឡាប់រថយន្តនេះ សមត្ថកិច្ចថៃកំពុងធ្វើការសាកសួរអ្នកបើករថយន្តខាងដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕ វណ្ណា