ដាច់ភ្លើងអូសបន្លាយរយៈពេលយូរធ្វើឲ្យអ្វីគ្រប់យ៉ាង ត្រូវប្រែប្រួល ទាំងចរាចរណ៍ រហូតដល់សេវាផ្គត់ផ្គង់នានា ជាច្រើនទៀត និងធ្វើឲ្យជីវភាពរស់នៅរបស់ពលរដ្ឋជួបការលំបាក ។
នៅពេលនេះដែរ កន្លែងស្តុកប្រេង របស់រោងចក្រ ប្រេង Petro San Felix នៅភាគខាងត្បូង ប្រទេសវេណេហ្ស៊ុយអេឡា បានផ្ទុះឆេះធ្វើឲ្យផ្សេងខ្មៅគ្របដណ្តប់ ពេញផ្ទៃអាកាស។
សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងពន្លត់អគ្គិភ័យបានទៅដល់កន្លែងភ្លើងឆេះ ពន្លត់ឲ្យបានទាន់ពេលវេលា ។ មន្ត្រីទទួលខុសត្រូវបានសម្រេចបើកការស្រាវជ្រាវ ពីមូលហេតុបណ្តាលឲ្យឆាប់ឆេះប្រេងខាងលើ ។
ហេតុការណ៍ខាងលើកើតឡើង ក្រោយពេលដែល វេណេហ្ស៊ុយអេឡា ប្រឈមនឹងផលប៉ះពាល់យ៉ាងខ្លាំងពីការដាច់ភ្លើងអូសបន្លាយ ស្ទើរទូទាំងប្រទេស ។
សកម្មភាពនាំប្រេងចេញរបស់វេណេហ្ស៊ុយអេឡាត្រូវផ្អាក ធ្វើឲ្យប្រទេសនេះ រងការខាតបង់រាប់លានដុល្លារ ក្នុងមួយថ្ងៃ ។ បច្ចុប្បន្នមាននាវាដឹកប្រេង ជាង២០ កំពុងតែរង់ចាំការផ្តល់ប្រេង ដោយសារតែប្រព័ន្ធផ្តល់ប្រេងត្រូវផ្អាកដោយដាច់ភ្លើង ។
ការដាច់ភ្លើងនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ឈានដល់ថ្ងៃទី៧ហើយ ធ្វើឲ្យជីវភាពរស់នៅរបស់ពលរដ្ឋ ប្រឈមនឹងផលលំបាកយ៉ាងខ្លាំង ។ ភាពចលាចលបានកើតឡើង ការឆក់ប្លន់ អសន្តិសុខបានកើតឡើង គ្រប់ទិសទី។ សេវាកម្មសាធារណៈត្រូវបានកាត់ផ្តាច់ ដូចជា ចរាចរណ៍ ការផ្គត់ផ្គង់ទឹក សេវាទូរស័ព្ទ អ៊ិនធឺណែត។ ជាមួយគ្នានោះ មន្ទីរពេទ្យ ក៏ប្រឈមបញ្ហាផងដែរដោយគ្រឿងម៉ាស៊ីនទាំងឡាយត្រូវផ្អាកដំណើរការដោយដាច់ភ្លើង ៕