ខេត្តពោធិ៍សាត់៖ យុវ័យម្នាក់ត្រូវបានគេប្រទះឃើញចងក ធ្វើអត្តឃាតក្នុងក្រោលក្របីក្បែរផ្ទះ សង្ស័យអន់ចិត្តជីដូនស្ដីបន្ទោសរឿងដើរលេងច្រើន ។
ហេតុការណ៍ករណីអត្តឃាតខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៧ និង២០នាទី យប់ថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងក្រោលក្របីខាងត្បូងផ្ទះរបួសឈ្មោះ ផាន ផាត ភេទប្រុស អាយុ ៥៩ឆ្នាំ ស្ថិតក្នុងភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ អឿន ស្រីពេជ្រ ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ជនរងគ្រោះធ្វើអត្តឃាតដោយយកខ្សែក្របីប្រវែងប្រមាណ ៤ម៉ែត្រ ចងព្យួកទៅធ្នឹមក្នុងក្រោលក្របីបណ្ដាលឲ្យស្លាប់។
ប្រភពដដែលបន្តទៀតថា ករណីនេះស្ថាប័នជំនាញពាក់ព័ន្ធចុះពិនិត្យ និងស្រាវជ្រាវ ទើបសន្និដ្ឋានជនរងគ្រោះអាចពិតជាស្លាប់ដោយចងក មូលហេតុអាចបណ្ដាលមកពីអាក់អន់ចិត្តខណៈជីដូនស្ដីបន្ទោសរឿងដើរលេងច្រើន សាកសពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ បុឹម ពិន