ព័ត៌មានទាន់ហេតុការណ៍៖

សង្ក្រាន្តស្វាយរៀងឆ្នាំនេះ មានលក្ខណៈធំជាងឆ្នាំមុន ដើម្បីបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តបានថ្លែងថាសង្ក្រាន្តស្វាយរៀងឆ្នាំនេះ មានលក្ខណៈធំជាងឆ្នាំមុន ដោយមានកម្មវិធីកម្សាន្ត ជាច្រើនដើម្បីបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋដើម្បីអបអរសាទរ និងទទួលទេវតាឆ្នាំថ្មី ។

ការថ្លែងបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំ ពិនិត្យ ពិភាក្សាការងាររៀបចំកម្មវិធីសង្ក្រាន្តស្វាយរៀង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ។

ក្នុងឪកាសនោះ ក៏មានការចូលរួមពីសំណាក់លោក ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងមន្ត្រីពាក់ព័ន្ធដែលជាសមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការដែលជាក្រុមការងារសង្ក្រាន្តស្វាយរៀងជាច្រើនរូបទៀតផងដែរ ។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមការអនុគណៈកម្មការសង្ក្រាន្តស្វាយរៀង ត្រូវសហការអនុវត្តតួនាទីភារកិច្ចដូចមានកំណត់ក្នុងសេចក្ដីសម្រេចឲ្យបានល្អប្រសើរ ចាត់ចែងរៀបចំកិច្ចប្រជុំធ្វើផែនការលម្អិត និងឡើងគម្រោងចំណាយនៅក្នុងផែនអនុគណៈកម្មការ និងក្រុមការងារនីមួយៗឲ្យបានច្បាស់លាស់ ដើម្បីសម្រេចឲ្យរួចរាល់តាមផែនមុនថ្ងៃសង្ក្រាន្តស្វាយរៀងចូលមកដល់ ។

សូមជម្រាបជូនថា សង្ក្រាន្តស្វាយរៀងឆ្នាំនេះមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅនៅបរិវេណរង្វង់ មូលខាងមុខសណ្ឋាវ៉ៃគោ និងតាមបណ្តោយផ្លូវមួយចំនួនទៀត ក្នុងក្រុងស្វាយរៀង ផងដែរ ៕ យឹម សុថាន


ចែករំលែក៖