ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ០៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង លោក ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគី និងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ រវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាននិងគមនាគមន៍ វៀតណាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ គឺជាការពង្រឹងយន្តការដែលមានស្រាប់ក្នុងការសម្របសម្រួលការឆ្លងរំខានក្នុងការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុសម្រាប់ប្រព័ន្ធទូរគមនាគមន៍នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព និងចែករំលែកបទពិសោធន៍ទៅវិញទៅមកលើការអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រាប់បញ្ចូលទាំងកិច្ចសហការ ការចែករំលែកឧត្តមានុវត្តក្នុងកិច្ចដំណើរការផ្លាស់ប្តូរប្រព័ន្ធសោតទស្សន៍ពី Analog ទៅ Digital ដើម្បីបង្វែរ ហ្វ្រេកង់ស៍វិទ្យុគមនាគមន៍មកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍ដែលមានតម្លៃខាងសេដ្ឋកិច្ចជាង។ ហើយបន្តជំរុញការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា ការតាំងពិព័រណ៍ និងការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក នៅគ្រប់កម្រិតពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស។
លោករដ្ឋមន្ត្រី បានសំណូមពរស្នើដល់ក្រសួងព័ត៌មាន និងគមនាគមន៍ វៀតណាម ជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងផ្នែកមួយចំនួនដែលមានភាគីវៀតណាមមានសក្តានុពល ដូចជា៖
(១).វិស័យប្រៃសណីយ៍ ក្នុងបរិបទនៃការតម្រង់ទិសឆ្ពោះទៅសេដ្ឋកិច្ចឌីជីថល
(២).ពង្រឹងសមត្ថភាពផ្នែកគ្រប់គ្រង និងតាមដានការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុទូរគមនាគមន៍
(៣).បំប៉នចំណេះដឹងផ្នែកសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យា រដ្ឋាភិបាលអេឡិចត្រូទិក និងប្រព័ន្ធ 5G
(៤).ពង្រឹងសមត្ថភាពការងារអធិការកិច្ច និងការធ្វើកោសល្យវិច័យចំពោះបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។
ឆ្លៀតក្នុងឱកាសនោះ ក៏មានការចុះអនុស្សរណៈយោគយល់គ្នារវាងអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយ អាជ្ញាធរសន្តិសុខព័ត៌មាន ក្រសួងព័ត៌មាននិងគមនាគមន៍ វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខព័ត៌មានវិទ្យា ផងដែរ៕ សុខ ខេមរា