ខេត្តប៉ៃលិន ៖ ស្រ្តីម្នាក់ស្ទើរស្រែកទ្រហ៊ោយំ ពេលដែលរូបគាត់ដើរទៅបើកតូបបម្រុងនឹងយកឥវ៉ាន់លក់ ស្រាប់តែពិនិត្យឃើញក្នុងតូបក៏បាត់ឥវ៉ាន់របស់គាត់អស់ជាច្រើន ដោយបន្ទាប់ពីក្រុមចោរចូលចាក់សោ លួចរួច ក៏ចាក់សោបិទវិញ លុះម្ចាស់តូបបើកមើលឃើញសភាពខុសប្រក្រតី ទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។
ហេតុការណ៍ចោរលួចចាក់សោលួចឥវ៉ាន់ក្នុងតូបបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង៣នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងផ្សារសាមគ្គីហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ មាស ស្រី ហៅពៅ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដោយបាត់អស់កូនធុងបាស ម៉ាកJBL ១គ្រឿងតម្លៃ៣០០ដុល្លារ ខោអាវកូរ៉េជាច្រើន អាវកូនក្មេង និងខោខ្លី(លីអូ)ជាច្រើន បាត់សារុងអស់១២០ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ ខណ:អ្នកលក់កាហ្វេងើបទៅដាំទឹកសម្រាប់ឆុងកាហ្វេ លក់ដូចសព្វមួយដង ស្រាប់តែឃើញជនសង្ស័យចំនួន២នាក់ មានដាក់ឥវ៉ាន់នៅលើរទេះវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ លុះគាត់សួរនាំចុះឡើងៗ ពួកគេក៏នាំគ្នាអូសរទេះដែលមានឥវ៉ាន់នោះ ដាក់នឹងម៉ូតូ រួចនាំគ្នាជិះគេចខ្លួនបាត់ស្រមោលតែម្តង ។ ប្រភពបញ្ជាក់ទៀតថា គាត់ក៏មិនចាប់អារម្មណ៍ថា ជាចោរ អ្វីនោះទេ ដោយស្មានតែអ្នករើសអេតចាយ ឬអ្នករៀបចំឥវ៉ាន់នៅក្នុងផ្សារ លុះព្រឹកឡើងមានបាត់ឥវ៉ាន់ ទើបដឹងថា ជាក្រុមចោរលួចគាស់តូបលក់ប្រាកដមែន ។
បើតាមសម្តីស្រ្តីរងគ្រោះ ឈ្មោះ មាស ស្រី បានរៀបរាប់ឲ្យដឹងថា តូបរបស់គាត់បានចាក់សោរួច រាល់អស់ហើយ ដោយប្រើសោធម្មតា លុះព្រឹកឡើងមកចាក់សោលក់ដូចសព្វមួយដង ស្រាប់តែបាត់ឥវ៉ាន់អស់រលីងតែម្តង ។ គាត់បន្តថា រៀងរាល់ខែគាត់បង់ប្រាក់ឲ្យសន្តិសុខដែលយាមយប់ ដោយទុកចិត្តថា គេមើលថែតូបក្នុងផ្សារបានល្អ ប៉ុន្តែបែរជាបាត់ឥវ៉ាន់របស់គាត់អស់រលីងទៅវិញ ។ គាត់មិនសុខចិត្តនោះ ទេគឺនឹងដាក់ពាក្យបណ្តឹងឲ្យសន្តិសុខ ឬអ្នកគ្រប់គ្រងផ្សារឲ្យរកដំណោះស្រាយជូនគាត់ ព្រោះសន្តិសុខហាក់ដូចជាមិនយកចិត្តទុកដាក់យាមកាមឲ្យបានល្អនោះទេ ។
បន្ទាប់ពីបាត់ឥវ៉ាន់នៅក្នុងផ្សារបែបនេះ អ្នកលក់ដូរជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំង ខណ: ផ្សារមានសន្តិសុខតែដូចអត់សន្តិសុខ បែរជាធ្វេសប្រហែសឲ្យចោរចូលលួចគាស់ និងចាក់សោលួចអស់ ជាច្រើនបែបនេះ ។ ដូច្នេះពួកគាត់ ក៏សំណូមពរឲ្យប្រធានផ្សារ និងអ្នកគ្រប់គ្រងសន្តិសុខផ្សារទាំងអស់ ត្រូវតែពង្រឹងការការពារឲ្យបានហ្មត់ចត់ផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គង់ សំណាង អធិការរងនគរបាលក្រុងប៉ៃលិន បានឲ្យដឹងថា ខាង លោកកំពុងតែស៊ើបអង្កេត និងស្រាវជ្រាវរកមុខសញ្ញាខាងលើ ដោយសារខណ:ដែលចោរចូលទៅលួចនោះមិនបានធ្វើឲ្យបាត់ទ្រង់ទ្រាយដើម ដោយគាស់តូបនោះទេ គឺពួកគេចាក់សោចូលលួច រួចចាក់សោបិទវិញ ដែលជាហេតុនាំឲ្យមានការឆ្លល់សង្ស័យយ៉ាងខ្លាំង ហើយខាងលោកកំពុងឲ្យក្រុមការ ងារធ្វើការស៊ើបសួរឲ្យបានច្បាស់លាសដល់ម្ចាស់តូប ៕ស សារ៉េត