ភ្នំពេញ៖ ភរិយាកវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន គឺលោកស្រីតាត គឹមលន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយកាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ ។ ដំណើរមកទឹកដីកំណើតលើកនេះ ក្រៅពីការមកសាកសួរសុខទុក្ខសាច់ញាតិ លោកស្រី ក៏មានបំណងត្រៀមដោះស្រាយតាមផ្លូវច្បាប់ជាមួយផលិតកម្មសាន់ដេ ដែលបានយកបទចម្រៀងដែលជាស្នា ដៃនិពន្ធរបស់ស្វាមីលោកស្រី យកទៅកាឡៃឲ្យនាយ ចឺម ស្រែកច្រៀងតាមចិត្តនោះ ។
គេចាំបានថា ថ្មីៗនេះ នាយ ចឺម បានចេញបទ «អូនជាអ្នកមាន សមអ្នកមានដូចគ្នា» ដោយកាឡែបទមរតកដើមគឺបទ «នឹកភូមិភ្នំធំ» ដែលច្រៀងដោយ លោក យាយ រស់ សិរីសុទ្ធា និងជាស្នាដៃនិពន្ធលោក គង្គ ប៊ុនឈឿន នោះនាំឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីទស្សនិកជនមួយចំនួនរួមទាំងសាច់ញាតិម្ចាស់កវីរូបនេះផងដែរ ។ ក្រុមគ្រួសារសពកវីគង្គ ប៊ុនឈឿន ត្រៀមស្នើសុំទៅកាន់នាយកដ្ឋានកម្មសិទ្ធិបញ្ញា ដើម្បីដោះស្រាយការលួចចម្លង និងកាឡៃបទចម្រៀងដោយគ្មានការអនុញ្ញាតនេះ ។
លោក មុត ថារី ដែលជាអ្នកដឹកនាំរឿងជើងចាស់ និងត្រូវជាកូនប្រសាររបស់អ្នកស្រី តាត គឹមលន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌ថា ម្តាយក្មេករបស់លោកមកកាន់ទឹកដីកម្ពុជាគឺមកដំណើរកម្សាន្តជួបជុំសាច់ញាតិផង និង ដោះស្រាយរឿងរ៉ាវចម្រូងចម្រាសខាងលើផងដែរ ។ លោកបន្តថា បទចម្រៀងខាងលើជាបទមានកម្មសិទ្ធបញ្ញា ហើយយកទៅច្រៀងឡើងវិញគឺយកធ្វើអាជីវកម្មតែម្តង ដោយគ្មានការអនុញ្ញាត ។ ជុំវិញប្រតិកម្មតបយ៉ាងណាពីសំណាក់ផលិតកម្មសាន់ដេ គេនៅមិនទាន់បានដឹងនៅឡើយទេ ប៉ុន្តែលោក មុត ថារី សង្កត់ធ្ងន់ថាចង់ឲ្យក្រសួងមានដំណោះស្រាយសមស្របណាមួយ ។ លោកថាករណីនេះក៏ជាគំរូ និងសំណូមពរឲ្យស្ថាប័នពាក់ព័ន្ធជួយពិនិត្យការលួចចម្លងស្នាដៃមួយចំនួនផ្សេងទៀតដែលត្រូវបានគេបំពានផងដែរ ។
ទោះជាយ៉ាងណាប្រភពក្រៅផ្លូវការបានបញ្ជាក់ថា ក្រោយមានប្រិតកម្មភ្លាមៗ ផលិតកម្មសាន់ដេមិនបានលុបចេញនូវបទចម្រៀងរបស់នាចឺម ចេញពីបណ្តាញសង្គម ឬChanel បណ្តាញYouTube ទេ ប៉ុន្តែក្រោយមានការរិះគន់ និងព្រមានធ្ងន់ៗទើបផលិតកម្មសម្រេចលុបបទចម្រៀងមួយនេះចេញ ។ ប្រភពលើកឡើងដែរថា ពេលនេះផលិតកម្មបាននឹងកំពុងព្យាយាមស្វែងរកការសម្របសម្រួលក្រៅផ្លូវការណាមួយជាមួយក្រុមគ្រួសារកវី គង្គ ប៊ុនឈឿនផងដែរ ។
គួរបញ្ជាក់ដែរថា នាយ ចឺម បានបញ្ចេញបទចម្រៀងថ្មីចំណងជើងថា” អូនជាអ្នកមានសមនឹងអ្នកមានដូចគ្នា” ដែលគេស្គាល់ថាបានច្នៃបទចម្រៀងមរតកដើមនិពន្ធដោយ លោក គង្គ ប៊ុនឈឿន និងជាសំនៀងដើមរបស់អ្នកស្រី រស់ សេរីសុទ្ធា មានចំណងជើងថា “នឹកភូមិភ្នំធំ” ប៉ុន្តែក្រោយកែទំនុកច្រៀង និងសាច់ភ្លេចខ្លះៗបានធ្វើឲ្យផលិតកម្មមិនបានរក្សាឈ្មោះជាបទចម្រៀងមរតកដើមដោយ ដាក់ឈ្មោះអ្នកនិពន្ធបទចម្រៀងថ្មីដោយមិនដាក់ឈ្មោះជាមរតកដើមនោះរហូតនាំឲ្យមានប្រតិកម្ម និងមតិលើកឡើងចម្រូងចម្រាសមួយចំនួន ៕ វឌ្ឍនា