ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ជំនាញកាច់សោ.កម៉ូតូនៅរាជធានីភ្នំពេញហើយមកធ្វើសកម្មភាពកាច់សោ.កម៉ូតូនៅខេត្តបន្ទាយមាណជ័យ បានរងការចាប់ខ្លួនពីកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី១៤ មីនា ២០១៩ នៅចំណុចកន្លែងកម្សាន្តអាងហែល ប៊ីអឹមស៊ីស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពកាច់សោ.កម៉ូតូមិនបានសម្រេច ។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ខែម សោភ័ណ្ឌ ប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះផៃ សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅរស់នៅភូមិ-សង្កាត់តាំងក្រសាំងខណ្ឌដង្កោ រាធានីភ្នំពេញ បានធ្វើសកម្មភាពចូលលួច(កាច់សោ.កម៉ូតូ)នៅចំណុចអាងហែលប៊ីអឹមស៊ី ក្រុងសិរីសោភ័ណ ម្តងរួចមកហើយប៉ុន្តែមិនបានសម្រេចដោយសារម្ចាស់ម៉ូតូបានឃើញ ហើយជននេះក៏រត់គេចខ្លួនបាត់ ។
លោកនាយការិយាល័យប្រាប់ទៀតថា ក្រោយពីទទួលព័ត៌មានករណីលួចម៉ូតូមិនបានសម្រេចនៅចំណុចអាងហែលទឹក ប៊ីអ៊ឹមស៊ីនោះរួចហើយ កម្លាំងនគរបាលការិយាល័យជំនាញសហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបើកស្រាវជ្រាវស៊ើបអង្កេត និងកំណត់បានមុខសញ្ញាជនសង្ស័យតាមរយៈកាម៉ារ៉ាសុវត្ថិភាព និងបានដាក់កម្លាំងឃ្លាំមើលជាប្រចាំ ។ លុះនៅថ្ងៃខាងលើបានឃើញលិចមុខជនសង្ស័យបន្តមកធ្វើសកម្មភាពកាច់សោកម៉ូតូម៉ាកហុងដាស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅរបស់ជនរងគ្រោះឈ្មោះ ហួត កញ្ញា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណះពេលជនរងគ្រោះទុកម៉ូតូនៅក្នុងកន្លែងអាងហែលទឹករំពេចនោះកម្លាំងនគរបាលបប្រចាំការនៅចំណុចនោះដេញចាប់ឃាត់ខ្លួនបានតែម្តង ។
បើតាមចម្លើយសារភាពពីជសង្ស័យឈ្មោះផៃ សុភាពប្រាប់ថា រូបគេធ្លាប់ ធ្វើកម្មករសំណង់នៅប្រទេសថៃ ការចេះជំនាញកាច់សោកម៉ូតូគឺមានពួកម៉ាកបង្ហាត់បង្រៀននៅប្រទេសថៃ ។ រូបគេនៅភ្នំពេញមកដល់ខេត្តបន្ទាយមានជ័យតាមរយៈស្រីស្នេហ៍ទំនាក់ទំនងគ្នាតាមទូរស័ព្ទ ។ ជនសង្ស័យកំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា