ខេត្តរតនគិរីៈ ពីរនាក់ប្តីប្រពន្ធដេកចាំ ចំការជាមួយគ្នា ស្រាប់តែព្រលឹមឡើង ប្រពន្ធមិនឃើញប្តីក្រោកពីដំណេក ក៏ទៅដាស់ មិនដឹងថា ដាច់ខ្យល់ស្លាប់តាំងពីពេល ណានោះទេ ធ្វើឲ្យ មានការតក់ស្លុតយ៉ាងខ្លាំង ពេលដឹងថាប្ដីស្លាប់ ។
ហេតុការណ៍នេះ បានភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ៦.00នាទី ព្រឹកព្រលឹម ថ្ងៃសុក្រ ១០ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចចំការរបស់ឈ្មោះ កិ ប៊ុនផេង ស្ថិតក្នុងភូមិបាតត់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហ៊ីម សំបុក អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ បុខរបរកសិករ មានលំនៅភូមិ.ឃុំ កើតហេតុខាងលើ ។ សមត្ថកិច្ចបានបន្តថា ជនរងគ្រោះនោះបានដេកពីរនាក់ប្ដីប្រពន្ធ ចាំចំការឲ្យឈ្មោះ កិ ប៊ុនផេង ។
ប្រពន្ធបានប្រាប់សមត្ថកិច្ចថាជារៀងរាល់ព្រឹក ប្ដីគាត់ តែងតែក្រោកពីដំណេក នៅវេលាម៉ោង៤ជាង ឬក៏ ម៉ោង៥ ក្រោកពីដេកហើយ តែចំឡែកថ្ងៃនេះ គាត់ដេករហូតដល់ម៉ោង ៦ព្រឹក អត់ឃើញគាត់ងើបពីដំណេកទៀត ខណៈនោះគាត់ទៅដាស់ ទើបដឹងថា ប្តីស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីពិនិត្យធ្វើកោសល្យវិច័យ រួចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ដោយសារខ្យល់គរ ហើយដាច់ខ្យល់ស្លាប់ប្រហែល នៅនៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ។
ក្រោយពីកម្លាំងជំនាញ បានចុះទៅពិនិត្យដល់កន្លែង កើតហេតុរួចរាល់ ក៏បានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យក្រួមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវន្ត័