ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកម៉ូតូឆ្លងកាត់ផ្លូវខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្ដបុកស្លាប់១នាក់ និងរបួសស្រាល៣នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចររថយន្តបុកម៉ូតូបើកបរឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្រ្ដីម្នាក់ស្លាប់ និងប្រុស ស្រី៣នាក់ របួសខូចខាតម៉ូតូ១គ្រឿង រថយន្ត១គ្រឿង​។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទី ថ្ងៃសៅរ៍ ១១កើត ខែផល្លុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវលំ ក្រាលក្រួសក្រហម ចំណុចផ្លូវប្រសព្វសញ្ញាលេខបូក ភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូហុងដា ឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខគ្មាន បើកបរឆ្លងកាត់់ផ្លូវ ដោយឈ្មោះ សៀន សុភ័ក្ត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរឈើក្រាំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន របួសស្រាល (មិនពាក់មួកសុវត្ថិភាព) អ្នករួមដំណើរជាមួយចំនួន៣នាក់ ឈ្មោះ ជឿន រីណា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិវាល ឃុំគោកចក ស្រុកសៀមរាប ខេត្តសៀមរាប របួសស្រាល (មិនពាក់មួកសុវត្ថិភាព), ឈ្មោះ យ៉ន ខេរី ភេទប្រុស អាយុ៥ឆ្នាំ កូនរបស់ឈ្មោះជឿន រីណា របួសស្រាល (មិនពាក់មួកសុវត្ថិភាព) និងឈ្មោះ នៅ ចាន់ថន ភេទស្រី អាយុ៥៦ឆ្នាំ កសិករ នៅភូមិ ឃុំជាមួយឈ្មោះជឿន រីណាស្លាប់នៅមន្ទីរពេទ្យបង្អែកស្ទោង មិនពាក់មួកសុវត្ថិភាព ។

រថយន្តម៉ាក Ford Ranger ពណ៌ស ស្លាកលេខភ្នំពេញ 2BB.2256 រត់គេចខ្លួន ។ វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ។

សមត្ថកិច្ចអះអាងថា មូលហេតុ បង្កឡើងអ្នកបើកបរម៉ូតូបើកបរឆ្លងកាត់ផ្លូវខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន ។

ក្រោយកើតហេតុ សមត្ថកិច្ចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងបានធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យ ៕ ប៊ុនរិទ្ធី


ចែករំលែក៖