ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ និងប្រុសស្រី១៥នាក់បានរងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់រវាងម៉ូតូជិះបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ បុកជាមួយរថយន្តទេសចរណ៍មួយគ្រឿង ដែលដឹកភ្ញៀវ បើកស្របទិសគ្នាពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងអ្នកភូមិនាំគ្នាជួយសង្គ្រោះ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងទៅប្រទេសវៀតណាម ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ ១២កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២ និង៣០នាទីរសៀល លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ១៥៦-១៥៧ ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា អ្នកជិះម៉ូតូបង្កហេតុ ដែលស្លាប់មានឈ្មោះ អន ភៀន អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ និងអ្នករួមដំណើររបួសធ្ងន់ ស្រាល មានឈ្មោះស្រី ទិត្យ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ និងឈ្មោះ រិទ្ធិ យ៉ា ភេទប្រុស អាយុ៧ឆ្នាំ អ្នកទាំង៣ រស់នៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1F-3883 ខូចខាតយ៉ាងដំណំ ។
ចំណែកអ្នកបើកបររថយន្តទេសចរណ៍ ដែលរងរបួសធ្ងន់ មានឈ្មោះ ង្វៀង ផាន់យុឹង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរបើកបររថយន្ត មានទីលំនៅប្រទេសវៀតណាម ខណៈភ្ញៀវប្រុស ស្រី ដែលជិះក្នុងរថយន្ត១២នាក់ មានជនជាតិចិន ជនជាតិខ្មែរ និងវៀតណាម ដោយរងរបួសធ្ងន់ម្នាក់ ប៉ុន្តែមិនបណ្ដាលឲ្យរងគ្រោះដល់ជីវិតនោះទេ ។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ ក្នងទិសដៅពីលិចទៅកើត លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥៦-១៥៧ ខណៈនោះក៏បានបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ មើលក្រោយ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក SAMCO ពណ៌ក្រហម ពាក់ស្លាកលខ 53N-9251 ជាប្រភេទទេសចរណ៍ ផ្ទុកភ្ញៀវពេញ បើកក្នុងទិសដៅស្របគ្នាចាប់ហ្វ្រាំងមិនទាន់ ក៏បុកផ្ទប់យ៉ាងពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង ។
ក្រោយមកអ្នករងរបួសធ្ងន់ស្រាល ត្រូវបានសមត្ថកិច្ចមូលដ្ឋានបញ្ជួនទៅព្យាលបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងបានបញ្ជួនបន្តទៅព្យបាលប្រទេសវៀតណាមផងដែរ ។
រីឯវត្ថុតាងមធ្យោបាយម៉ូតូ និងរថយន្តទាំង២គ្រឿងត្រូវបានវាស់វែង និងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន