ខេត្តកំពង់ឆ្នាំង៖ ប្តីប្រពន្ធវ័យក្មេងដ៏កំសត់២នាក់ ម្នាក់បាក់ដៃ ម្នាក់ទៀតបាក់ជើង បានចូលមកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅម៉ោង ៨និង២០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។ ប្តីប្រពន្ធពីរនាក់ រស់នៅភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចឲ្យដឹងថា ប្តីឈ្មោះ អឿន សុខជា ជាកូនកំព្រាឪពុកម្តាយ អាយុ២៥ឆ្នាំ មានមុខរបរជាជាងផ្សារដែក រីឯប្រពន្ធឈ្មោះ អៀម សាទី អាយុ២២ឆ្នាំ ជាស្ត្រីមេផ្ទះ ទើបសម្រាលកូនបាន២ខែ នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ស្ត្រីជាប្រពន្ធ បានឡើងបេះអំពិលយកមកដាំស្លរ ជាអកុសល មែកឈើដែលគាត់ជាន់នោះ ចង់បាក់ ស្ត្រីនោះក៏ស្រែកហៅប្តីមកជួយ។ ពេលប្តីមកដល់ មែកឈើក៏បាក់ ធ្លាក់មកសង្កត់ពីលើដៃរបស់គាត់ដោយប្រពន្ធនៅពីលើមែកឈើនោះដែរ ។ ជាលទ្ធផល ប្តីដៃក្រង៉ង់ ឈឺចាប់ខ្លាំង ឯប្រពន្ធ ស្មងជើងវៀច ហើយឈឺចាប់ខ្លាំងដូចគ្នា ។
បន្ទាប់មក អ្នកភូមិផងរបងជាមួយនាំគ្នាជួយដឹកគាត់មកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយជិះតុកតុកផង ឆ្លងកាណូតផង ហើយក៏ជិះតុកតុកម្តងទៀតទំរាំមកដល់មន្ទីរពេទ្យ (សូមបញ្ជាក់ថា ទាំងអ្នករត់តុកតុក ទាំងម្ចាស់កាណូត គឺមិនបានយកលុយពីគាត់ទាំង២ទេ)។
ពេលមកដល់មន្ទីរពេទ្យ យើងជួយពួកគាត់អស់ពីសមត្ថភាព ក្រៅពីការមិនយកសេវា យើងថែមទាំងបានជួយពួកគាត់ជាថវិកាបន្តិចបន្តួច និងសម្ភារប្រើប្រាស់ខ្លះៗផងដែរ ៕ ចន្ថា