ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងត្រៀមហៅខាងផលិតកម្មសាន់ដេ មកដោះស្រាយ តាមផ្លូវច្បាប់ លើករណី បទចម្រៀងនាយចឺម

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតនាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងដំណើរការនិតិវិធីមួយចំនួនលើបណ្តឹងរបស់ក្រុមគ្រួសារកវី គង្គ ប៊ុនឈឿន ដោយប្តឹងទៅកាន់ផលិតកម្មសាន់ដោយស្នើសុំឲ្យក្រសួងស្វែងរកយុត្តិធម៌លើការលួចចម្លងស្នាដីមរតកដើមមកឲ្យតារាចម្រៀង នាយចឺម ស្រែកច្រៀង ។ ក្រសួងគ្រោងកោះហៅផលិតកម្មសាន់ដេ និងផលិតកម្មមួយចំនួទៀតដើម្បីឲ្យមកដោះស្រាយលើបញ្ហាចម្រូងចម្រាសមួយនេះ ។

ដូចការគ្រោងទុក ភរិយាកវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន គឺលោកស្រីតាត គឹមលន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ។ ដំណើរមកទឹកដីកំណើតលើកនេះក្រៅពីការមកសាកសួរសុខទុក្ខសាច់ញាតិ លោកស្រីក៏មានបំណងត្រៀមដោះស្រាយតាមផ្លូវច្បាប់ជាមួយផលិតកម្មសាន់ដេ ដែលបានយកបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់ស្វាមីលោកស្រី យកទៅក្រឡៃឲ្យនាយចឺមស្រែកច្រៀងតាមចិត្តនោះ ។

និតិវិធីនៅតែបន្តបើទោះបីជាអ្នកនិពន្ធនៃផលិតកម្មនេះចេញមុខសុំទោសជាសាធារណៈក៏ដោយ ក៏អ្នកស្រីនៅតែមិនអាចទទួលយកបានហើយត្រូវបានអ្នកស្រីចាត់ទុកថាចង់ឲ្យមានគំរូមួយសម្រាប់ផលិតករ និងអ្នកនិពន្ធក្រោយៗទៀត ។ ក្រោយជំនួបមន្ត្រីក្រសួងវប្បធម៌កាលពីថ្មីៗនេះដែរ មានការបង្ហើបឲ្យដឹងថា ក្រសួងគ្រោងនឹងកោះហៅអ្នកគ្រប់គ្រងផលិតកម្មដើម្បីឲ្យចូលខ្លួនមកដោះស្រាយតាមនិតិវិធី ។ ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលលោក ស៊ឹម សត្តា បានបញ្ជាក់ថាបទ «ថ្ងៃដែលអូនចុកឈាម» ឬបទ «នឹកភូមិភ្នំធំ» គឺស្ថិតនៅក្រោយការគ្រប់គ្រងរបស់ក្រសួង ព្រោះលោក គង្គ ប៊ុនឈឿន មុនពេលចែកឋាន មិនទាន់បានផ្ទេរបណ្ដាំមរតកសាស្ត្រដល់គ្រួសារឬភរិយានៅឡើយ ។

ដូច្នេះករណីផលិតកម្មសាន់ដេយកបទខាងលើទៅក្រឡៃ ខុសសភាពដើមដោយមិនបានសុំការអនុញ្ញាតនេះ គឺក្រសួងមានសិទ្ធិ ចំណាត់ការតាមផ្លូវច្បាប់ ។ លោកថាវាកំពុងស្ថិតនៅក្នុងដំណាក់កាលត្រួតពិនិត្យឯកសារ ដែលអ្នកស្រី គាត គឹមលន ត្រូវជាភរិយាកវីម្ចាស់ស្ទឹងសង្កែ បានប្រមូលឯកសារពាក់ព័ន្ធ ដើម្បីសុំចុះកម្មសិទ្ធិបញ្ញា ។ លោកបញ្ជាក់ដែរថា ក្រសួងកំពុងដំណើរការនីតិវិធីកោះហៅផលិតកម្មសាម៉ីមកដោះស្រាយតាមផ្លូវច្បាប់ហើយបើទោះបីជាគ្រួសាររបស់លោក គង្គ ប៊ុនឈឿន មិនទាន់ទទួលបានកម្មសិទ្ធិបញ្ញា ក្តី ។

យោងតាមច្បាប់នៃសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ស្ដីពីការរំលោភកម្មសិទ្ធិបញ្ញា រាល់បទល្មើសដែលផលិតឡើងវិញ សម្ដែងឡើងវិញ ផលិតបន្ត ឬយកទៅធ្វើអ្វីផ្សេង ដោយមិនមានការអនុញ្ញាតពីអ្នកនិពន្ធ ឬក្រសួងសាម៉ី ត្រូវបង់ពិន័យជាប្រាក់ពី៥លានរៀល ទៅ ២៥លានរៀល ឬជាប់ពន្ធនាគារពី៦ខែ ទៅ ១២ខែ ។ ក្នុងករណីមិនរាងចាលនឹងផ្ដន្ទាទោសទ្វេដង ។

គួរបញ្ជាក់ដែរថា ថ្មីៗនេះនាយចឺម បានចេញបទ «អូនជាអ្នកមាន សមអ្នកមានដូចគ្នា» ដោយកាឡែបទមរតកដើមគឺបទ «នឹកភូមិភ្នំធំ» ដែលច្រៀងដោយ លោក យាយ រស់ សិរីសុទ្ធា និងជាស្នាដៃនិពន្ធលោក គង្គ ប៊ុនឈឿន នោះនាំឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីទស្សនិកជនមួយចំនួនរួមទាំងសាច់ញាតិម្ចាស់កវីរូបនេះផងដែរ ។

ក្រុមគ្រួសារសពកវីគង្គ ប៊ុនឈឿនត្រៀមស្នើសុំទៅកាន់នាយកដ្ឋានកម្មសិទ្ធបញ្ញា ដើម្បីដោះស្រាយការលួចចម្លង និងក្រឡៃបទចម្រៀងដោយគ្មានការអនុញ្ញាតនេះ ។ ក្រោយមានប្រិតកម្មភ្លាមៗ ផលិតកម្មសាន់ដេមិនបានលុបចេញនូវបទចម្រៀងរបស់នាចឺម ចេញពីបណ្តាញសង្គម ឬ Chanel បណ្តាញYouTube ទេ ប៉ុន្តែក្រោយមានការរិះគន់ និងព្រមានធ្ងន់ៗទើបផលិតកម្មសម្រេចលុបបទចម្រៀងមួយនេះចេញ ។

ប្រភពលើកឡើងដែរថា ពេលនេះផលិតកម្មបាននិងកំពុងព្យាយាមស្វែងរកការសម្របសម្រួលក្រៅផ្លូវការណាមួយ ជាមួយក្រុមគ្រួសារកវី គង្គ ប៊ុនឈឿនផងដែរ ៕ វឌ្ឍនា


ចែករំលែក៖