ព័ត៌មានទាន់ហេតុការណ៍៖

តុលាការបន្តសវនាការរឿងលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ សម្លាប់ស្រីកំណាន់ ចេវ សុវឌ្ឈនា

ចែករំលែក៖

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នេះ បន្តសវនាការរឿងក្តីលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និង បក្ខពួក ករណីសម្លាប់ស្រីកំណាន់ នាង ចេវ សុវឌ្ឍនា ។

សូមបញ្ជាក់ថា ក្នុងសវនាការ កន្លងមក ជនជាប់ចោទ ឡាយ វណ្ណៈ បដិសេធថា ពុំបានសម្លាប់ស្រីកំណាន់ នាង ចេវ សុវឌ្ឍនា ទេ ដោយសុំឱ្យតុលាការរកយុត្តិធម៌ ។

ជាការកត់សម្គាល់ ជនជាប់ចោទ ឡាយ វណ្ណៈ ហ៊ានស្បថចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះថា”បើខ្ញុំបានសម្លាប់សង្សារមែន សូមឱ្យវត្ថុស័ក្តិសិទ្ធិបរាមុខខ្ញុំ ឲ្យខ្ញុំ និងប្រពន្ធកូនស្លាប់តៃហោង និង ធ្លាក់នរក៩ជាន់ អត់ចាប់ជាតិទៅចុះ”។

សូមបញ្ជាក់ថា លោក ឡាយ វណ្ណៈ , លោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុសបង្កើតលោកឡាយ វណ្ណៈ ត្រូវបានតុលាការចោទប្រកាន់ពីបទឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

បទឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ១៥ឆ្នាំ។

ដោយឡែកឈ្មោះ ម៉េន សាម៉ៃ អាយុ៣៦ឆ្នាំ និង ឈ្មោះ ជឹម វុធ អាយុ៤១ឆ្នាំ ជាប់ចោទពីបទលាក់បំបាំងតម្រុយ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។

បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ ៕ ចេស្តា


ចែករំលែក៖