ខេត្តសៀមរាប ៖ តាមប្រភពពីមន្រ្តីជំនាញអាជ្ញាធរអប្សារា ដែលសុំលាក់ឈ្មោះបានបង្ហើបថា គំរោងជួសជុលបារាយណ៍លិច ដែលជាថវិការបស់អាជ្ញាធរអប្សរាផ្ទាល់ សរុបជាង ៦០០០ លានរៀល ស្មើនិង១លានកន្លះដុល្លារ នោះត្រូវបានគេដឹងថា មិនមានដាក់ការដេញថ្លៃតាមច្បាប់លទ្ធកម្មនោះទេ ។
ប្រភពបានបន្តថា កន្លងមកមានការខ្វែងគំនិតជាច្រើន ហើយគំរោងនេះ ត្រូវឈូសឆាយដីចាស់ ដើមឈើ ឫសឈើចាស់ៗ ដែលទប់ស្កាត់ការហូរច្រោះបាក់ចោលអស់ ហើយទិញដីថ្មី ពីស្រុកពួកមកចាក់វិញ សួរថា តើអាចមានស្តង់ដារដែរឬទេហើយអាចទប់ស្កាត់ការហូរច្រោះបានទេ ? បើគ្រាន់តែទិញស្មៅពីខេត្តមណ្ឌលគិរីមកដាំនោះ ។
គំរោងជួសជុលបារាយណ៍លិចនេះ មានប្រវែងជាង១០០០ម៉ែត្រ ហើយមានសកម្មភាពជាង២ខែមកហើយ ។ ទោះជាយ៉ាងណា ក៏ដោយ ពលរដ្ឋដាក់ជាចម្ងល់ថា ហេតុអ្វីបានឈូសឆាយដើមឈើចាស់ និងដីចាស់ចោល រួចទិញដីថ្មី មកដាក់វិញ តើមានសារសំខាន់ប៉ុណ្ណា? ចំណេញប៉ុន្មាន ?
គូរបញ្ជក់ផងដែរថា កាលពីឆ្នាំកន្លងទៅក៏មានការជួសជុលទំនប់បង្ហៀរទឹកបារាយណ៍លិចដែរ គឺមិនសូវជោគជ័យទេ ហើយក៏មានការឈូសឆាយដូចគ្នា ពេលភ្លៀងម្តងៗ ហូរច្រោះបាក់ដីអស់មួយចំនួន ដែលកត្តានេះ គឺដោយសារមិនមានការសិក្សាធ្វើកំណាយសង្រ្គោះច្បាស់លាស់ពីក្រុមជំនាញទេ ដូចនេះ ទើបមានការរិះគន់ ៕ ប៊ុនរិទ្ធី