ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យលោកស៊ីម តារា គ្រូបង្រៀនពីភាពជោគជ័យ ចូលបំភ្លឺរឿងបរិហារបង្កាច់កេរ្តិ៍អ្នកដទៃ

ចែករំលែក៖

ភ្នំពេញ៖ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ បានចេញដីកាបង្គាប់ឲ្យជនត្រូវចោទឈ្មោះ ស៊ីម តារា ដែលគេស្គាល់ថាជាគ្រូបង្រៀនមនុស្សឲ្យជោគជ័យដ៏ល្បីឈ្មោះម្នាក់ ចូលបំភ្លឺសំណុំរឿងពាក់ព័ន្ធករណី បរិហារបង្កាច់កេរ្តិ៍ ។

យោងតាមដីកាបង្គាប់ឲ្យចូលខ្លួនលេខ៣០២ “ត” ព្រទ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ បានតម្រូវឲ្យជនត្រូវចោទឈ្មោះ ស៊ីមតារា ភេទប្រុស អាយុ ៤៨ឆ្នាំ ចូលខ្លួនបំភ្លឺចំពោះមុខចៅក្រម នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ។

ជនត្រូវចោទត្រូវចៅក្រមស៊ើបសួរកោះហៅឲ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធបទល្មើស បរិហារបង្កាច់កេរ្តិ៍ បន្ទាប់តំណាងអយ្យការសម្រេចចោទប្រកាន់ និងបញ្ជូនរឿងឲ្យស៊ើបសួរ តាមដីកាសន្និដ្ឋានលេខ ៤៥៣៩ អ.យ.ត ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។

គួរបញ្ជាក់ផងដែរថា កាលពីអំឡុងឆ្នាំ២០១៨ ជនត្រូវចោទឈ្មោះស៊ីម តារា ធ្លាប់ត្រូវបានប្រជាពលរដ្ឋប្តឹងចូលសាលាដំបូងរាជធានីភ្នំពេញផងដែរ ពាក់ព័ន្ធករណីលក់ដីឡូតិ៍ខ្យល់ មានទីតាំងនៅភូមិសេរីសម្បត្តិ សង្កាត់គងនយ ខណ្ឌដង្កោរាជធានីភ្នំពេញប៉ុន្តែក្រោយមកក៏មានការសម្របសម្រួលប្រគល់លុយថ្លៃដីត្រលប់ទៅអតិថិជនវិញដើម្បីបញ្ចប់រឿង ៕ស រស្មី


ចែករំលែក៖