ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូលឿន ជ្រុលទៅបុករថយន្ត បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជាង៨យប់ ថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវហាណូយ ខាងមុខវត្តឃ្មួញ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ តេង លុច្ស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតនៅឯខេត្តកំពង់ចាម ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះបើកបរម៉ូតូមួយគ្រឿងម៉ាក XR ពណ៌ក្រហម គ្មានស្លាកលេខ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូងពីទំនប់កប់ស្រូវ ឆ្ពោះទៅផ្សារដីហុយយ៉ាងលឿន ។
ខណៈនោះ ក៏មានរថយន្តមួយគ្រឿងម៉ាក តូយូតា តាកូម៉ា ពណ៌ក្រហម មិនចាំស្លាកលេខ បានបើកមកពីក្រោយស្របទិសគ្នា យ៉ាងលឿន ព្យាយាមបើក ជែងខាងស្តាំម៉ូតូ របស់ជនរងគ្រោះ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តក៏បត់ឆ្វេងត្រឡប់ក្រោយវិញ ដោយមិនបានស៊ីញ៉ូរភ្លើងជាសញ្ញានោះទេ ។ ភ្លាមនោះធ្វើឲ្យអ្នកបើកម៉ូតូ រងគ្រោះ វ៉ាក់អើ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់នៅនឹងកន្លែង ចំណែករថយន្តបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរ ក៏បានស្រាវជ្រាវ និងទាក់ទងទៅរកសាច់ញាតិសព យុវជនរងគ្រោះឲ្យបានដឹង ។ បន្ទាប់មកក៏មានសាច់ញាតិប្រុសស្រី៥ទៅ៦បានបើករថយន្តមួយគ្រឿងម៉ាក តាកូម៉ា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2T-4255ចុះមកដល់កន្លែងកើតហេតុ ។
ខណៈពេលនោះបែរជាបុរសម្នាក់ដែលត្រូវជាពូរបស់រងគ្រោះ បានមកទាមទារសម្ភារៈរបស់ជនរងគ្រោះពីសមត្ថកិច្ចដកហូតរក្សាទុក ថែមទាំងនាំគ្នាលើកបី សពរងគ្រោះយកទៅដាក់លើរថយន្តរួមជាមួយម៉ូតូជនរងគ្រោះដើម្បីយកសពយុវជនរងគ្រោះទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯផ្ទះ ។
ដោយមិនព្រមអោយសមត្ថកិច្ចធ្វើឯកសារប្រគល់ម៉ូតូនិងសពយុវជនរងគ្រោះតាមនីតិវិធីទេ ទោះបីជាសមត្ថកិច្ចជំនាញខំព្យាយាមពន្យល់យ៉ាងក៏ដោយ ក៏បុរសដែលជាពូនៅតែមិនព្រម និងស្រែកអោយសមត្ថកិច្ចថា «បានប្រយោជន៍អី បើរថយន្តបង្កបើករត់បាត់ទៅហើយនិង” រួចក៏បើករថយន្តដឹកសព យុវជនរងគ្រោះចេញពីកន្លែងកើតហេតុ ៕ ជ្រោយពេជ្រ