ខេត្តកណ្តាល៖ បុរសជាជាងភ្លើងប្រចាំរោងចក្រ AMK (រោងចក្រខោខូវប៊យ) បានឆក់ខ្សែភ្លើងស្លាប់ ខណៈទៅបង្វិលអំពូលដែលអត់ភ្លឺ ពេលនោះ ក៏រអិលជើងពីកៅអី ទៅប៉ះនឹងតំណរខ្សែភ្លើងបណ្ដាលឲ្យឆក់តែម្ដង ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃសៅរ៍ ៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០១៩ វេលាម៉ោង១០និង៥០នាទី នៅចំណុចភូមិ សិត្បូ ឃុំ សិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ពៅ រតនា ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ (ជាងភ្លើង) មានទីលំនៅភូមិសិត្បូ ឃុំសិត្បូ ស្រុក ស្អាង កណ្តាល (ស្លាប់) ។
នគរបាលស្រុកស្អាងបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះ ជាជាងភ្លើង បានទៅ បង្វិលអំពូល ដែលអត់ភ្លឺ ពេលនោះក៏រអិលជើងពីកៅអី ទៅប៉ះនឹងតំណរខ្សែភ្លើងបណ្ដាលឲ្យឆក់តែម្ដង ។ ភ្លាមៗនោះខាងតំណាងរោងចក្រ AMK(រោងចក្រខោខូវប៊យ) បានបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ តែពេលដល់ពេទ្យ ជនរងគ្រោះ បានស្លាប់បាត់ទៅហើយ និងបញ្ជូនមកផ្ទះវិញ។
ក្រោយទទួលព័ត៌មានកម្លាំងជំនាញពិនិត្យហេតុស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ ពេទ្យ បានពិនិត្យសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។ ពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕ ឆ ដា