ព័ត៌មានទាន់ហេតុការណ៍៖

យកមកនៅជាមួយ ដូចឲ្យមកលួចទ្រព្យសម្បត្តិ ទីបំផុត ជាប់គុក

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែទុកចិត្ត ហៅមកនៅជាមួយ ឲ្យការងារធ្វើ បែរជាបែកគំនិតខូច ស្រាប់តែលួចម៉ូតូម្ចាស់ផ្ទះមួយគ្រឿង​ ហើយគេចខ្លួនបាត់ តាំងពីរសៀលថ្ងៃទី១៣ ខែមី​នា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៣ ខែមី​នា ឆ្នាំ២០១៩ ទើបប្រទះឃើញក៏ត្រូវម្ចាស់ផ្ទះចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។

ជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ មិញ សុមេត្តា អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ១០ ផ្លូវជាតិលេខ១ ភូមិតាង៉ូវក្រោម២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ លី យ៉ាណី ហៅបុត្រ អាយុ២២ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។

តាមពាក្យបណ្តឹងជនរងគ្រោះ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ មុនកើតហេតុ គាត់បានហៅជាងមកជួសជុលផ្ទះ ហើយឲ្យជនសង្ស័យខាងលើ ជួយមើលជាងនៅផ្ទះ ចំណែកគាត់ទៅធ្វើការ លុះដល់ល្ងាច ថ្ងៃដដែល គាត់បានត្រឡប់មកផ្ទះវិញ ស្រាប់តែបាត់ជនសង្ស័យ ព្រមទាំងបាត់ម៉ូតូមួយគ្រឿង ម៉ាក ZOMMER X ពណ៌ទឹកប្រាក់ លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GA-4625។

នៅក្នុងពាក្យបណ្តឹង បន្តថា ក្រោយពីបាត់ម៉ូតូ គាត់​ក៏​បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ ដើ​ម្បីឲ្យ​សមត្ថកិច្ចជួយស្រាវជ្រាវរក លុះដល់ម៉ោងប្រហែល ៩៖៣០នាទីយប់ ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩ ស្រាប់តែក្មួយស្រីគាត់ ឃើញជនសង្ស័យខាងលើ កំពុងជិះម៉ូតូនៅចំណុចផ្លូវវេងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក៏​ឃាត់យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ២ រង់ចាំសមត្ថកិច្ចខណ្ឌច្បារអំពៅមកទទួលយកទៅវិញ ខណៈដែលកន្លែង​កើតហេតុ ពាក្យបណ្តឹងប្ដឹង​នៅឯខណ្ឌច្បារអំពៅ៕ សណ្តោស


ចែករំលែក៖