ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះរុស្ស៊ីពីរគ្រឿង ចុះចតនៅវេណេហ្ស៊ុយអេឡា

ចែករំលែក៖

តាំងពីដើមមក រុស្ស៊ីបានប្តេជ្ញា ការពាររដ្ឋាភិបាល វេណេហ្ស៊ុយអេឡា ដូចដែលធ្លាប់បានការពាររដ្ឋាភិបាលស៊ីរី ផងដែរ ដើម្បីបញ្ចៀស ការ ផ្លាស់ប្តូរអំណាចពីអាមេរិក នៅក្នុងប្រទេសទាំងនោះ ។

ចំពោះវេណេហ្ស៊ុយអេឡា និងរុស្ស៊ីមានទំនាក់ទំនងយោធាយ៉ាងល្អ នាពេលកន្លងមក មិនតែប៉ុណ្ណោះ រុស្ស៊ីបានជួយដល់ប្រទេសនេះជាច្រើន នៅក្នុងសកម្មភាពមនុស្សធម៌ ។

ពេលថ្មីៗគេឃើញ យន្តហោះយោធារុស្ស៊ីពីរគ្រឿង បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិវេណេហ្ស៊ុយអេឡា ដោយ មួយគ្រឿងបានដឹកទំនិញ។ ក្នុងចំណោមយន្តហោះទាំងពីរគ្រឿងនោះ មានមួយគ្រឿងបានចាកចេញពីប្រទេសវេណេហ្ស៊ុយអេឡានៅថ្ងៃទី២៤ ខែមីនា ។

តាមគេហទំព័រ Flightradar24 បង្ហាញឲ្យឃើញថា យន្តហោះពីរគ្រឿងរបស់រុស្ស៊ីបានចាកចេញពីអាកាសយានដ្ឋានយោធា ទៅកាន់វេណេហ្ស៊ុយអេឡា នៅថ្ងៃទី២៣ខែមីនា ហើយមួយគ្រឿងបានវិល ត្រឡប់មករុស្ស៊ីវិញនៅថ្ងៃទី២៤ ខែមីនា។ យន្តហោះទាំងពីរគ្រឿងនោះមាន ប្រភេទ Ilyushin IL-62 ជាប្រភេទដឹកអ្នកដំណើរ និងមួយគ្រឿងទៀត សម្រាប់ដឹកទំនិញយោធា ប្រភេទ Antonov AN -124 ។

ប្រភពព័ត៌មានបានឲ្យដឹងថា យន្តហោះ IL-62 បានដឹកមន្ត្រីជាន់ខ្ពស់ យោធា មួយរូប និងសម្ភារៈយោធា៣៥តោន។ ជាមួយគ្នានោះ ក្រសួងការពារជាតិរុស្ស៊ី និងវេណេហ្ស៊ុយអេឡា បដិសេធ ឆ្លើយបំភ្លឺពិករណីខាងលើ ។ កាលពីថ្ងៃទី២០ ខែមីនា រុស្ស៊ីក៏បានបញ្ជូនជំនួយស្បៀងអាហារ ប្រមាណ៣០០តោនទៅឲ្យវេណេហ្ស៊ុយអេឡា ដើម្បីដោះស្រាយស្ថានភាពបន្ទាន់ ។

កាលពីខែធ្នូ ឆ្នាំ២០១៨ រុស្ស៊ីក៏បានបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ទំនើបបំផុតរបស់ខ្លួនពីរគ្រឿងទៅកាន់វេណេហ្ស៊ុយអេឡា ចូលរួមធ្វើសមយុទ្ធជាមួយកម្លាំងទាហានប្រទេសនេះ ។ សកម្មភាពរបស់រុស្ស៊ី ក្នុងគោលដៅការពារ វេណេហ្សុយអេឡា រួចផុតពីការវាយប្រហារដោយយោធាពីអាមេរិក ។ នៅពេលនេះដែរ អាមេរិកបានគំរាមប្រើប្រាស់យោធាទៅលើប្រទេសវេណេហ្សុយអេឡា ។ រុស្ស៊ីបានប្តេជ្ញាការពាររដ្ឋាភិបាលវេណេហ្ស៊ុយអេឡា និងរារាំងអាមេរិកប្រើប្រាស់កម្លាំងយោធា ។

ពាក់ព័ន្ធនឹងស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡានោះដែរ កន្លងមកថ្មីៗ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានឱ្យដឹងថាមេដឹកនាំទាហានប៉ារ៉ាកូឡុំប៊ីម្នាក់ត្រូវបានចាប់ខ្លួន ដោយសង្ស័យមានទំនាក់ទំនងជាមួយមេប្រឆាំងលោក Juan Guaido ដែលប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតី វេណេស៊ុយអេឡាស្ដីទីក្រោមការគាំទ្រយ៉ាងរឹងមាំពីសហរដ្ឋអាមេរិក និងកូឡុំប៊ី។

លោក ម៉ាឌូរ៉ូ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងពិធីជួបជុំអ្នកគាំទ្រ នៅឯទីក្រុងការ៉ាកាស់នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ ថ្លែងនាឱកាស នោះ ប្រធានាធិបតីរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖«យើងបានចាប់ខ្លួនមេដឹកនាំទាហានប៉ារ៉ាម្នាក់របស់ក្រុម Rastrojos នៅក្នុង រដ្ឋ Carabobo ហើយគាត់កំពុងផ្ដល់ព័ត៌មាន…ថានរណាជាអ្នកជួលរូបគាត់ និងថាហេតុអ្វីបានជាគាត់ចូលមកក្នុងប្រទេស វេណេស៊ុយអេឡា»។ ប៉ុន្តែលោក ម៉ាឌូរ៉ូ មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។

គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ លោក នីកូឡាស់ ម៉ាឌូរ៉ូ ក៏បានអះអាងដែរថាប្រធានលេខាម្នាក់របស់លោក Guaido គឺលោក Roberto Marrero ត្រូវបានអាជ្ញាធរទីក្រុងការ៉ាកាស់ចាប់ខ្លួនជាមួយកាំភ្លើងវែងពីរដើម និងចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹង បណ្ដាញភេរវករដែលកំពុងរៀបចំគម្រោងវាយប្រហារភេវកម្មប្រឆាំងអ្នកនយោបាយកំពូលវេណេស៊ុយអេឡា។ តែទោះជាយ៉ាង នេះក្ដី លោក Guaido បានទាត់ចោលការអះអាងនេះ ខណៈសហរដ្ឋអាមេរិកព្រមានថានឹងចាត់វិធានការលើរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ៕


ចែករំលែក៖