ខេត្តស្វាយរៀង៖ លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះថា សមត្ថកិច្ចចម្រុះបានចាប់ ឃាត់រថយន្តដឹកជ្រូកចំនួន ៣គ្រឿង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅស្រុករមាសហែក និងក្រុងស្វាយរៀង ដែលសង្ស័យនាំចូលពីប្រទេសជិតខាងនោះ មន្ត្រីជំនាញយកឈាមជ្រូកទៅពិនិត្យ នៅក្រសួងរួចរាល់ ។
លោកបន្តថា ចំពោះលទ្ធផលឈាមវិញគឺពុំមានវីរុសនោះទេ បន្ទាប់ពីឃាត់រួច សមត្ថកិច្ចបានប្រគល់ឲ្យមន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។ ក្នុងនោះសត្វជ្រូក ៨៩ក្បាល ត្រូវផាកពិន័យជាទឹកប្រាក់ ២៥លានរៀល ដោយសារជ្រូកទាំងនោះដឹកដោយខុសច្បាប់ ខណៈលទ្ធផលពិនិត្យឈាមមិនមានវីរុសឡើយ ។
លោក ថាច់ រតនា បានបញ្ជាក់ទៀតថា មន្ត្រីបានបានផាកពិន័យក្រុមហ៊ុនស៊ីភី ៥៥ក្បាល ពិន័យជាប្រាក់១៥លានរៀល និងរថយន្តមួយគ្រឿងដឹកជ្រូក ៣៤ក្បាល ពិន័យជាប្រាក់១០លាន ។
លោកថា «ប៉ុន្តែបើក្រសួងពិន័យលើសហ្នឹង យើងនឹងហៅមកពិន័យបន្ថែមទៀត ហើយបានធ្វើកិច្ចសន្យាត្រឹមត្រូវទី១ ដឹកកុំឲ្យខុសទិសដៅខុសផ្លូវ និងទី២ តម្រូវឲ្យរថយន្តក្រុមហ៊ុនស៉ីភីពាក់ ស្លាកលេខឲ្យបានត្រឹមត្រូវ ហើយទី៣ ដឹកជ្រូកមិនឲ្យលើសចំនួនឡើយ រីឯរថយន្តមួយគ្រឿងទៀត ដែលទិញជ្រូកគ្មានប្រភពច្បាស់លាស់ទិញតាមម៉ូតូ សង្ស័យទិញជ្រូកវៀតណាម ក៏ឲ្យធ្វើកិច្ចសន្យាផងដែរ» ។
លោកបានឲ្យដឹងបន្ថែមទៀតថាមន្ត្រីជំនាញក៏បានចាប់សាច់មាន់ សាច់ជ្រូកចំនួន ២៥០គីឡូក្រាមផងដែរ នៅច្រករបៀងកំពង់ស្ពានក្រុងបាវិតនៅព្រឹកថ្ងៃទី២៥ ខែមីនានេះផងដែរ ។
ស្របពេលដែលប្រទេសវៀតណាម កំពុងរាតត្បាតជំងឺកើតលើសត្វជ្រូកដ៏កាចសាហាវឈ្មោះថា «ជំងឺប៉េសជ្រូកអាហ្រិក» ស្រាប់តែគេសង្កេតឃើញមានសត្វជ្រូកជាច្រើនក្បាល ត្រូវបានដឹកតាមរថយន្តតាមព្រំដែនខេត្តស្វាយរៀង ៕ យឹម សុថាន