ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនសិស្សវិទ្យាល័យ ហ៊ុន សែន តាខ្មៅម្នាក់ ក្រោយជិះម៉ូតូឆក់ទូរស័ព្ទពីជនជាតិចិន កាលពីម៉ោងជិត៤រសៀល ថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវ១៧៨កែងផ្លូវព្រះមុន្នីវង្ស ភូមិ៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ដែលត្រូវឃាត់ខ្លួនឈ្មោះ អ៊ុក សានិត អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល សិស្សថ្នាក់ទី១១H វិទ្យាល័យហ៊ុនសែនតាខ្មៅ ជាអ្នកអង្គុយពីក្រោយធ្វើសកម្មភាពឆក់ និងជនសង្ស័យម្នាក់ទៀតឈ្មោះ ម៉ាប់ អាយុប្រហែល២០ឆ្នាំ ជាអ្នកបើកម៉ូតូ (គេចខ្លួន)។ ចំណែកជនរងគ្រោះ មិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ជនជាតិចិន (មិនបានមកដាក់ពាក្យបណ្តឹងក្រោយពីដណ្តើមយកបានទូរសព្ទ័ដៃវិញ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរគ្នាពីរនាក់ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ខណៈមកដល់ចំណុចកែងផ្លូវលេខ១៧៨ ជនរងគ្រោះកាន់ទូរស័ព្ទចុចមើល ក៏ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមកពីខាងក្រោយ រួចជនសង្ស័យអង្គុយពីក្រោយ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច ហើយក៏ជិះមូតូគេចខ្លួន ពេលនោះជនរងគ្រោះបានស្រែកចោរៗ គាប់ជួនកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង កំពុងល្បាតឃើញ បានជិះម៉ូតូដេញតាមពីក្រោយ ហើយឃាត់ខ្លួនបានជនសង្ស័យឈ្មោះ អ៊ុក សានិត រួមជាមួយវត្ថុតាងម៉ូតូយកមកទីស្នាក់ការប៉ុស្តិ៍បឹងរាំងធ្វើការសាកសួរ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ម៉ាប់ បានរត់គេចខ្លួនបាត់។ វត្ថុតាងចាប់យករួមមានម៉ូតូមួយគ្រឿងម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1AC-1170 (ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព)។
បន្ទាប់ពីកើតហេតុជនរងគ្រោះបន្ទាប់ពីដណ្តើមបានទូរស័ព្ទវិញ បានដើរចេញទៅបាត់ដោយមិនបានដាក់ពាក្យបណ្តឹង ៕ ជ្រោយពេជ្រ