ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍បេះដូងសប្បុរស បន្តដាំកូនឈើដើម្បីកម្ពុជាកាន់តែស្រស់បំព្រង

ចែករំលែក៖

ខេត្តកំពត ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ក្នុងកិច្ចបន្តការខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យប្រទេសកម្ពុជាកាន់តែបៃតង និងស្រស់បំព្រង ក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅថា “ណាហ្គាវើលដ៍បេះដូងសប្បុរស” បានចូលរួមជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ-អ្នកគ្រួ និងសិស្សានុសិស្សដើម្បីដាំកូនឈើកម្រប្រមាណ ៤០០ ដើមនៅតាមសាលារៀនមួយចំនួនក្នុងខេត្តកំពត។

គំនិតផ្តួចផ្តើមដាំកូនឈើនេះ គឺជាកម្មវិធីទំនួលខុសត្រូវក្នុងសង្គមរបស់ណាហ្គាវើលដ៍បេះដូងសប្បុរសបន្ទាប់ពីសន្និសីទសារព័ត៌មាន “លើកកម្ពស់ការយល់ដឹងស្តីអំពីបរិស្ថាន និងការដាំកូនឈើ” ដែលបានធ្វើឡើងកាលពីខែធ្នូក្នុងឆ្នាំមុនដើម្បីជួយលើកកម្ពស់សម្រស់នៃព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែស្អាត និងលើកកម្ពស់ការយល់ដឹងស្តីអំពីសារសំខាន់នៃបរិស្ថាន និងធម្មជាតិ។

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា “សកម្មភាពយកចិត្តទុកដាក់ទៅលើបរិស្ថានរបស់យើង គឺជាអ្វីដែលយើងផ្តោតជាពិសេស”។ “ដើមឈើ ផ្តល់ខ្យល់បរិសុទ្ធ និងកាត់បន្ថយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។ តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា ដើមឈើធំដែលមានស្លឹកច្រើនមួយដើម អាចផលិតខ្យល់អុកស៊ីសែនគ្រប់គ្រាន់ក្នុងមួយឆ្នាំសម្រាប់មនុស្ស ១០ នាក់ដកដង្ហើម ខណៈវាអាចស្រូបយកឧស្ម័នពុលកាបូនិចបានរហូតដល់ ២១ គីឡូក្រាម។ ចំណែកម្លប់របស់វា ក៏ជួយកាត់បន្ថយកម្តៅនៅបរិវេណជុំវិញផងដែរដែលវាអាចកាត់បន្ថយកម្តៅបានពីពីរទៅបីអង្សារ”។

“ដូច្នេះ ការដាំកូនឈើថ្មី មានសារសំខាន់ណាស់ដែលយើងទាំងអស់គ្នាអាចធ្វើបានដើម្បីលើកកម្ពស់បរិស្ថាន និងសុខុមាលភាពរបស់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងសហគមន៍របស់យើង។ ចាប់តាំងពីឆ្នាំ ២០១៤ មក ណាហ្គាវើលដ៍បេះដូងសប្បុរស បានដាំកូនឈើជាង ៣.៣០០ ដើមទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយតាមរយៈការពន្យល់ណែនាំស្តីអំពីវិធីថែរក្សា និងអភិរក្សបរិស្ថានរបស់ក្រសួងបរិស្ថាន សិស្សានុសិស្សទាំងអស់នឹងយល់កាន់តែច្បាស់អំពីតម្លៃនៃការអភិរក្សបរិស្ថាន។ ខ្ញុំសូមជំរុញអ្នកទាំងអស់គ្នាឲ្យចូលរួមជាមួយយើង និងធ្វើឲ្យកម្ពុជាកាន់តែបៃតង និងស្រស់បំព្រងជាងមុន!”។

លោក ជៀប ប៊ុនអ៊ាង ប្រធាននាយកដ្ឋានអប់រំបរិស្ថាននៃក្រសួងបរិស្ថាន បានកោតសរសើរដល់កម្មវិធីនេះ និងលើកទឹកចិត្តឲ្យមានការថែរក្សាប្រព័ន្ធអេកូឡូស៊ី និងធម្មជាតិផងដែរ។ “យើងស្វាគមន៍គំនិតផ្តួចផ្តើមនេះក្នុងការជួយកាត់បន្ថយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុដែលជាបញ្ហាដ៏ធំបំផុតមួយដែលពិភពលោកកំពុងប្រឈម និងព្រួយបារម្ភក្នុងពេលបច្ចុប្បន្ន។ ដើមឈើ ស្រូបយកឧស្ម័នពុលកាបូនិចពីក្នុងបរិយាកាស និងបញ្ចេញមកវិញនូវខ្យល់អុកស៊ីសែន ដូច្នេះដើមឈើ មានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិតរបស់យើងទាំងអស់គ្នា”។

លោក ហេង រស្មី អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកកំពង់ត្រាច បានមានប្រសាសន៍ផងដែរថា “ការផ្តល់ម្លប់ធម្មជាតិនៅក្នុងទីធ្លាសាលារៀន គឺជាអ្វីដែលក្រសួងតែងតែលើកទឹកចិត្តដើម្បីបង្កើតឲ្យមានបរិយាកាសសិក្សារៀនសូត្រប្រសើរជាងមុន”។ លើសពីនេះ សឈើ ស្រូបយកទឹក និងទប់ស្កាត់ការហូរច្រោះនៃដីដែលជួយកាត់បន្ថយទឹកជំនន់ដែលបណ្តាលឲ្យសាលារៀនផ្អាកដំណើរការ និងប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស”។

លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាច បានមានប្រសាសន៍ថា “យើងគាំទ្រដល់គំនិតផ្តួចផ្តើមទាំងអស់ដែលជួយធ្វើឲ្យបរិស្ថាននៅក្នុងសហគមន៍របស់យើងប្រសើរឡើង”។

ជាចុងក្រោយ លោក ណែន វុទ្ធី នាយកសាលាបឋមសិក្សាកោះទ្រមូង ក៏មានប្រសាសន៍ផងដែរថា “អរគុណដល់ណាហ្គាវើលដ៍បេះដូងសប្បុរស និងក្រសួងពាក់ព័ន្ធទាំងអស់ដែលបានឧបត្ថម្ភកូនឈើកម្រទាំងនេះដល់សាលារៀនរបស់យើង”។

###

អំពីណាហ្គាវើលដ៍បេះដូងសប្បុរស

ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ណាហ្គាវើលដ៍បាន និងកំពុងធ្វើសកម្មភាពសង្គមប្រកបដោយទឹកចិត្តសប្បុរស និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជាប្រកបដោយភាពវិជ្ជមាន។ ក្នុ​ងខែមីនា ឆ្នាំ​ ២០១៤ ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងដោយបុគ្គលិកណាហ្គាវើលដ៍ដែលមានគោលបំណងផ្តោតទៅលើសសរស្តម្ភ ៤ គឺ លើកកម្ពស់ការអប់រំ ចូលរួមក្នុងសហគមន៍ អភិវឌ្ឍវិស័យកីឡា និងគាំពារបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ២០០.០០០ នាក់បានទទួលផលប្រយោជន៍ពីគំនិតផ្តួចផ្តើមទាំងនេះ។ សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

Ms. Melanie Loong

Senior Marketing Communications Manager

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

កញ្ញា ភោគ សូលីនដា

Brand Executive, Marketing Communications

Tel: (+855) 15 61 88 86

Email: phouksolinda@nagaworld.com

ណាហ្គាវើលដ៍ និងក្រសួងពាក់ព័ន្ធ ចាប់ដៃគ្នាធ្វើឲ្យកម្ពុជាកាន់តែស្រស់បំព្រង និងបៃតង

សិស្សានុសិស្ស បង្ហាញការគាំទ្រពេញទំហឹងចំពោះការណែនាំស្តីពីការអភិរក្សបរិស្ថាន

កូនឈើកម្រ ៤០០ ដើម នឹងត្រូវដាំនៅតាមសាលារៀនមួយចំនួនក្នុងខេត្តកំពត


ចែករំលែក៖