ព័ត៌មានទាន់ហេតុការណ៍៖

ជិះកង់កំពុងឆ្លងផ្លូវត្រូវម៉ូតូធំបើកល្បឿនលឿនជ្រុលទៅបុក ស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ខណៈដែលកំពុងជិះកង់ឆ្លងផ្លូវត្រូវបានម៉ូតូធុនធំ បើកល្បឿនលឿនជ្រុលទៅបុកចំពាក់កណ្តាលបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង តែម្តង កាលពីវេលាម៉ោង៦និង២៥នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ មានឈ្មោះ ម៉ៅ ចាន់នី ហៅរិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករសំណង់ មានប្រពន្ធឈ្មោះ ជា តាំងហ៊ួយ អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រៃស្វាយ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិ ដូនស ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានកូនប្រុស២នាក់ក្នុងបន្ទុកគ្រួសារ ។ ចំណែកភាគីបង្ក ឈ្មោះ អាន ភារ៉ូត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករសិប្បកម្មផលិតគ្រឿងសង្ហារឹម ស្នាក់នៅកន្លែងធ្វើការ ភូមិអង្គស្នួល ឃុំអង្គស្នួល ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតភូមិពោធិជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

តាមសម្តីភរិយាជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះកង់ចេញពីបន្ទប់ជួល ទៅធ្វើការងារសំណង់នៅ ក្បែរផ្សារចោមចៅ ខណៈដែលកំពុងឆ្លងផ្លូវ ដល់ចំណុចគំនូសកណ្តាលទ្រូងផ្លូវ ស្រាប់តែ ម៉ូបង្ក ប្រភេទធុនធំ ម៉ាក merax ១៥០cc ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HM-0340 បើកល្បឿនលឿន ពីកើតទៅលិច ជ្រុលទៅបុកកង់ចំពាក់កណ្តាល បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែង ។ អ្នកបើកបរ ភ្លាមៗត្រូវបានសមត្ថកិច្ចឃាត់នាំខ្លួនយកទៅប៉ុស្តិ៍ ។

តាមស្តី អ្នកបើកបរ ម៉ូតូ បង្កបានឲ្យដឹងថាខ្លួនទើបតែវិលត្រឡប់ មកពីលេងប្រពន្ធ ជាកម្មការនីរោងចក្រ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ហើយប្រញ៉ាប់ចូលធ្វើការងារ រោងសិប្បកម្ម លុះជិះដល់ចំណុចកើតហេតុ ជួបគ្រោះថ្នាក់នេះតែម្តង ។

ករណីខាងលើក្រោយកើតហេតុ សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង សាកសព ក្រោយពីពិនិត្យស្លាកស្លាមហើយ ប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ។ រីឯ ម៉ូតូ និងកង់ រួមទាំងអ្នកបើកបរម៉ូតូផង សមត្ថកិច្ចនាំយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង កសាងសំណុំរឿងតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖