ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរិះគន់ លោកឧត្តមសេនីយ៍ ថន វីរៈ កំពុងប្រើឥទ្ធិពលកងពលតូចថ្មើរជើង(ង៧០) នៃកងយោធពលខេមរ ភូមិន្ទ យកគ្រឿងចក្រឈូសឆាយ ទន្ទ្រានយកដីព្រៃ ក្នុង​ដែន​ឧទ្យាន​ជាតិ ​ព្រះសីហនុ​ “រាម” ធ្វើជាកម្មសិទ្ធិ

ចែករំលែក៖

ប្រភពផ្តល់ព័ត៌មានពីប្រជាពលរដ្ឋនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងលក្ខ័ណសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ដីព្រៃជាច្រើនហិកតានៅក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​ “រាម” ស្ថិតក្នុងភូមិរាម ឃុំរាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ ត្រូវបានលោក ថន វីរៈ ងារជាឧកញា និងអះអាងថា រូបលោកជាឧត្តមសេនីយ៍នៅក្នុងកងពលតូចថ្មើរជើង “ង៧០”នៃកងយោធពលខេមរភូមិន្ទផងនោះ បាននាំយកគ្រឿងចក្រជាច្រើនគ្រឿង ចូលឈូសឆាយទន្ទ្រានកានកាប់យក​ដីរដ្ឋ នៅក្នុងដែនឧទ្យានជាតិ ( រាម) ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លនអាងអំណាចខាងលើ មិនខ្វល់ជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានខាងលើឡើយ ។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា កន្លង មក លោកឧកញ៉ាថន វីរ: និងជាឧត្តមសេនីយ៍នៅ ក្នុងកងពលតូចថ្មើជើង(ង៧០)បានអះអាងថា ការយកគ្រឿងចក្រមកឈូសឆាយដីព្រៃនៅក្នុងតំបន់ដែនឧទ្យានជាតិ(រាម) ដើម្បីសាងសង់បន្ទាយស្នាក់នៅរបស់កងទ័ពនៃកងពលតូចថ្មើរជើង(ង៧០) ។ និងបានហាមឃាត់ប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើមិនឲ្យចេញ.ចូល ឆ្លងកាត់ការដ្ឋានរបស់ខ្លួនព្រោះខ្លាចប្រជាពលរដ្ឋបានឃើញពីសកម្មភាពគ្រឿងចក្រដែលកំពុងតែទន្ទ្រាន ឈូសឆាយបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងក្នុងដែនឧទ្យានជាតិ​ព្រះសីហនុ​ “រាម” ជាច្រើនហិកតាដោយប្រើរយៈពេលជាច្រើនឆ្នាំកន្លងមកហើយ មិនមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីហ៊ានចេញមុខចុះទប់ស្កាត់សកម្មភាពខាងលើម្តងណាឡើយ ។

ក្នុងសកម្មភាពខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីរាជការថ្នាក់តូចតាច រិះគន់ត្រង់ៗថា លោក ឧត្តមសេនីយ៍ និងមានងារជាឧកញ៉ាថន វីរៈ កំពុងតែលេងសៀករហ័សកម្ម បន្លំភ្នែកថ្នាក់លើអង្គភាពរបស់ខ្លួនក្នុងរូបភាព(កន្ទេលធំបន្លំដេក)ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។

ប្រភពផ្តល់ព័ត៌មានពីមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ឲ្យដឹងថា ឧទ្យាន​ជាតិ​ព្រះសីហនុ​ “រាម”ជាដីសាធារណៈរបស់រដ្ឋមិនអាចបណ្តែតបណ្តោយឲ្យបុគ្គលណាម្នាក់ទន្ទ្រានឈូសឆាយចូលកាន់កាប់ឬ ទិញ-លក់ ដីរដ្ឋបានឡើយ ។ ការបញ្ជាក់របស់មន្ត្រីខាងលើបន្ទាប់ពីមានសកម្មភាពការកាប់ឈូសឆាយទន្ទ្រានកាន់កាប់ដីនៅក្នុងដែនឧទ្យានជាតិដោយខុសច្បាប់ពីសំណាក់ជនខិលខូចប្រើសិទ្ធអំណាចឆ្លៀតឱកាសបន្តកើតមាននាពេលថ្មីៗនេះបើទោះបីជាស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាគ្រប់លំដាប់ថ្នាក់ខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ និងបង្ក្រាបបែបណាក៏ដោយ ។

លោកស ក្កដា អភិបាលស្រុកព្រៃនប់បានឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩កន្លងមកនេះថា លោកបានមន្ត្រីរដ្ឋបាលសាលាស្រុកចុះទៅសហការណ៍ជាមួយមន្ត្រីបរិស្ថានឧទ្យានជាតិ(រាម)ដើម្បីចុះទៅទុបស្កាត់ និងបង្ក្រាបឈានទៅដកហូតយកគ្រឿងចក្រមករក្សាទុក និងធ្វើរបាយការណ៍ជូនលោកអភិបាលខេត្តដើម្បីបន្តនិតិវិធីទៅតាមច្បាប់ ។

គួររំលឹកឲ្យដឹងឡើងវិញដែរថា កន្លងមក សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញបទបញ្ជាដាច់ខាតមិនឲ្យមេបញ្ជាការ . មេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ ចូលរួមនៅក្នុងសកម្មភាពទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ព្រោះវាមិនស្របតាមច្បាប់លក្ខន្តិកៈ របស់កងយោធពលខេមរភូមិន្ទនោះទេ ។

ជាមួយគ្នានេះដែរតាមមាត្រា១ នៃច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ចែងថា កងយោធពលខេមរភូមិន្ទ មានភារកិច្ចបម្រើប្រទេសជាតិ ។ បេសកកម្មរបស់កងយោធពលខេមរភូមិន្ទ គឺត្រូវរៀបចំប្រើប្រាស់កម្លាំង កងយោធពលខេមរភូមិន្ទ ដើម្បីការពារកសាងមាតុភូមិ និងដើម្បីផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ ។ ក្នុងកាលៈទេសៈចាំបាច់ កងយោធពលខេមរភូមិន្ទ អាចចូលរួមក្នុងការការពារសន្តិសុខសាធារណៈ និងជាជំនួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ឬមានអាសន្នមហន្តរាយ ។ ប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅខេត្តព្រះសីហនុដែលបានឃើញសកម្មភាពរបស់លោកឧកញ៉ា ថន វីរ: និងជាឧត្តមសេនីយ៍ក្នុងកងយោធពលខេមរភូមិន្ទផងពួកគាត់ឆ្ងល់ថា ហេតុអីបែរជាយកតួនាទីអំណាច មកប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនក្នុងការឈូសឆាយដីព្រៃបំផ្លិចបំផ្លាញបរិស្ថាននៅក្នុងដែនដីដែលជាឧទ្យានជាតិទៅវិញ ។

ជុំវិញការិះគន់របស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការខេត្តព្រះសីហនុខាងលើនេះភ្នាក់ងារអ្នកយកព័ត៌មាន មិនអាចស្វែងរកការបកស្រាយពីលោក ថន វីរ: បានទេ គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖