ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នា នៅចំណុចផ្លូវបែកជាបួនរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តពីរគ្រឿងបុកគ្នា នៅចំណុចផ្លូវបែកជាបួនរងការខូចខាតទាំងសងខាង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២៨៧ កែងផ្លូវ៥២៨ ក្បែរកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា កាម៉ារី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-3308 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៧ ក្នុងទិសដៅពីជើងទៅត្បូង យ៉ាងលឿន ។ ចំណែករថយន្តមួយគ្រឿងទៀត ម៉ាកហ្វតរ៉េនជ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-2227 បើកបរដោយយុវជនម្នាក់ និងរួមដំណើរជាមួយយុវជនបុរសស្រី៤ទៅ៥នាក់ទៀត ពីក្រោយ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥២៨ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ រថយន្តទាំងពីរគ្រឿង បានបុកគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូតខាត ប៉ុន្តែមិនបង្កឲ្យនរណាម្នាក់ រងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចក៏បានឲ្យភាគីទាំងពីរចរចាដោះស្រាយគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែង តែដោយសារការចរចាដោះស្រាយគ្នា មិនត្រូវសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញចរាចរឲ្យចុះមកវាស់វែង យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖