ព័ត៌មានទាន់ហេតុការណ៍៖

សិស្ស-និស្សិតជិត ២៧០០នាក់ ចូលរួមបោះជំរំអន្តរជាតិនៅកម្ពុជា លើកទី៩

ចែករំលែក៖

ភ្នំពេញ៖ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំបោះជំរំអន្តរជាតិ (World Camp) នៅកម្ពុជា ដោយមានសិស្ស-និស្សិត ចូលរួម ចំនួនជិត ២៧០០នាក់ ក្នុងនោះសិស្ស-និស្សិតប៊ែលធី ចំនួនជាង ១៥០០នាក់ចូលរួមផងដែរ។ ការបោះជំរំនេះ ក្រោមអធិបតីភាព លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ និងជា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្រោមប្រធានបទ “ការអប់រំចិត្តយុវជនឲ្យមានភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និង គុណធម៌” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង អប់រំចិត្តយុវជនឲ្យប្រព្រឹត្តតែអំពើល្អ និងក្លាយខ្លួនជាអ្នកដឹកនាំនាពេលអនាគត ប្រកបដោយសីលធម៌ និង គុណធម៌។ ការបោះជំរំនេះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនល្បីៗ រួមមាន ឯកឧត្តមបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការ ប្រឹក្សាយោបល់ នៃអង្គការសម័្ពន្ធយុវជន​អន្តរជាតិ ឧត្តមសេនីយ៍ត្រី ចេវ ហាក់ ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ (ច្បាប់ចរាចរណ៍ផ្លូវគោក) និងវាគ្មិនល្បីៗជាច្រើននាក់ទៀត។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត លី ឆេង បានលើកឡើងថា ការបោះជំរំនេះ ក្នុងគោលបំណង ៤គឺ៖ ១-យល់ដឹងអំពីការអប់រំចិត្តខ្លួនឯង ចេះស្រឡាញ់ជាតិមាតុភូមិ គ្រួសារ និងខ្លួនឯង។ ទន្ទឹមនោះត្រូវចេះគោរពច្បាប់រដ្ឋ ច្បាប់ធម្មជាតិ សាសនា ។ល។ ២-ត្រូវចេះរស់នៅជាក្រុម ធ្វើការងារជាក្រុម(Teamwork) និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក(Share Experiences) ។ ៣-អញ្ជើញវាគ្មិនសំខាន់ៗ មកចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ជូនដល់ក្មួយៗ។ ៤-ចេះហាត់ពត់ខ្លួនឯង ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អ ប្រកបដោយសីលធម៌ & គុណធម៌ នាពេលអនាគត ស្របតាមគតិបណ្ឌិតប៊ែលធី ”រៀនធ្វើជាថ្នាក់ដឹកនាំ មុខពេលក្លាយខ្លួនជាអ្នកដឹកនាំ(Learn to be a leader before becoming a leader)”។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បាក់ អុកស៊ូ គ្រូជំនាញផ្នែកអប់រំចិត្ត បានមានប្រសាសន៍ថា ការអប់រំស្មារតី និង ចិត្តគំនិត ពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជនកម្ពុជា ដើម្បីយល់ពីអត្ថន័យពិតនៃជីវិត ចេះផ្លាស់ប្តូរផ្នត់គំនិត រៀនទទួលយកនូវគំនិតរបស់អ្នកដទៃ និង​ បើកចិត្តឲ្យទូលាយក្នុងការទំនាក់ទំនង ដើម្បីរស់នៅចុះសម្រុងក្នុងសង្គម។
ក្នុងពិធីនេះដែរ លោក ស៊ាន បូរ៉ាត បានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមកោតសរសើរ និង ថ្លែងអំណរគុណ ចំពោះលោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ មកពីប្រទេសកូរ៉េ និង លោក លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការ ប្រឹក្សាយោបល់ នៃអង្គការសម័្ពន្ធយុវជន​អន្តរជាតិ ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង។
ក្នុងឱកាសនោះដែរ លោក ស៊ាន បូរ៉ាត បានមានប្រសាសន៍ថា ការពង្រឹងគុណភាពអប់រំ គឺជាគ្រឹះដ៏រឹងមាំ សម្រាប់ឲ្យយុវជន របស់យើងមានចំណេះដឹងពិតប្រាកដ មានសិលធម៌ល្អ មានគុណធម៌ និងគតិបណ្ឌិត អាចចេះពិចារណា រកហេតុនឹងផល ឲ្យឃើញ នេះជាចំណុចដ៏សំខាន់ណាស់។ ហើយខ្ញុំគិតថាវាគ្មិនដល់សំខាន់ៗ ជាតិ-អន្ដរជាតិ នឹងមកបង្ហាញអំពីរបៀបនៃប្រធានបទ ហើយពិតជាបានផ្ដល់ឱកាសដល់ពិតប្រាកដ សម្រាប់ប្អួនៗនិងក្មួយៗ ក្លាយទៅជាជន ដែលមានចំណេះដឹងតាមរយៈការសិក្សានេះ ពីវាគ្មិនជាតិ-អន្ដរជាតិ របស់យើង ។
លោក ស៊ាន បូរ៉ាត បានបន្តថា ប្រសិនបើយុវជនខ្វះសិលធម៌ ដើរខុសទិស ហើយទៅរកគោលដៅដែលគេអត់ចង់បាន សង្គមមិនទទួលស្គាល នេះហើយជាបរិបទរបស់សង្គម ដែលយើងកំពុងធ្វើកិច្ចការងារនេះ ដើម្បីអប់រំយុវជន ។ យុវជនគឺជាក្រដាស ដ៏ ស ស្អាត ប្រសិនបើយើងអុសទាញគេទៅរកផ្លូវល្អ ពួកគេនឹងក្លាយទៅជាជន ដែលមានភាពប្រសព្វ មានភាពទៅឆ្លាត ហើយអាចបណ្ដុះចិត្តគិនិត តាមរយៈការផ្ដល់ នៅចំណេះដឹង ដ៏ពួកគេគ្រប់ៗគ្នា។
លោក បានបន្តថា ដើម្បីឲ្យប្អូនៗក្មួយៗក្លាយទៅជាជន ដែលមានសក្ដានុពល ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីបន្ដវានក្នុងការដឹកនាំប្រទេសជាតិទៅថ្ងៃអនាគត គោលការណ៍ដល់សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ចាប់ពីមត្តេយ្យសិក្សា រហូតដល់ឧត្តមសិក្សា៕

ដោយ៖ ស រស្មី


ចែករំលែក៖