ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពត

ចែករំលែក៖

ខេត្តកំពត៖ នៅថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២​ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនតម្លៃជាង ២៦លានដុល្លារសហរដ្ឋអាមេរិក។

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពតនេះ បានចាប់ផ្តើមសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់ជាស្ថាពរកាលពីខែសីហា ឆ្នាំ២០១៨។ តាមរយៈប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ នឹងជួយឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត មានសមត្ថភាពផលិតទឹកស្អាតសរុប ប្រមាណ១៣,២៦០ម៉ែត្រគូបក្នុងមួយថ្ងៃ គឺស្មើនឹងជាង២ដងនៃសមត្ថភាពផលិតពីមុន។ វត្តមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះ រួមជាមួយបណ្តាញចែកចាយសរុបប្រវែង ១៧៦.៩គីឡូម៉ែត្រ ធ្វើឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពតអាចមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដោយគិតជាថ្លៃមធ្យម ១៤០០រៀលក្នុង១ម៉ែត្រគូប ជូនប្រជាពលរដ្ឋនៅក្រុងកំពត និងស្រុកទឹកឈូ សរុបប្រមាណ ១៣,០០០គ្រួសារ។

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ក៏ជាការរួមចំណែកធ្វើឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត សម្រេចបាននូវគោលនយោបាយរបស់រដ្ឋាភិបាលដែលបានកំណត់ថា «ត្រូវពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០% ត្រឹមឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានសំដែងនូវក្តីរីរាយចំពោះការអញ្ជើញមកចូលរួមក្នុងពីធីសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពតនាពេលនេះ។ សម្តេចបានអបអរសាទរនៃសមិទ្ធផលនៃប្រព័ន្ធទឹកស្អាតសំរាប់ប្រជាពលរដ្ឋនៅខេត្តកំពតនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាលតែងតែងតែផ្តល់ជំនួយជួយមកដល់ការអភិវឌ្ឍក្នុងប្រទេសកម្ពុជាក្នុងការជួយសាងសង់ កសាង និងអភិវឌ្ឍន៍នូវសមិទ្ធផលជាតិសំខាន់ដល់ប្រទេសកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកពីខេត្តកំពតផងដែរថា ពីអតីតកាលកំពតក៏ជាខេត្តមួយដែលធ្លាប់ទទួលរងដោយភ្លើងសង្គ្រាមដ៏រាំរ៉ៃផងដែរ ជាសមរភូមិក្តៅ ដែលពីមុនមិនមានអ្នកណាហ៊ានមកនោះទេ ក៏ប៉ុន្តែក្រោយពីកម្ពុជាបានដាក់ចេញនូវនយោបាយឈ្នះឈ្នះមក គឺបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ ដែលពេលនោះហើយសម្តេចតេជោ​បានដាក់ចេញនូវយុទ្ធសាស្ត្រ២សំខាន់ៗ គឺទី១គឺការប្រែក្លាយតំបន់ ដែលជាសមរភូមិក្តៅទាំងអស់អោយទៅជាតំបន់ដែលមានសន្តិភាព តំបន់ទីផ្សារ និងតំបន់ដែលមានអភិវឌ្ឍ និងយុទ្ធសាស្ត្រទី២គឺការប្រែក្លាយតំបន់ព្រំដែននៃប្រទេសជិតខាងអោយទៅជាព្រំដែនដែលសន្តិភាព មានកិច្ចសហប្រតិបត្តិការល្អនឹងគ្នា។ ហើយកន្លងមកយើងបានប្រែក្លាយតំបន់ទាំងនោះអោយទៅជាតំបន់សន្តិភាព មានកិច្ចសហប្រតិបត្តិការ និងមានការអភិវឌ្ឍជាបន្តបន្ទាប់ ដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋយើង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការកើតមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តកំពត ដែលកើតចេញពីជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុននាពេលនេះ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ជាពិសេសក៏ជាការទាក់ទាញឱ្យមានការវិនិយោគ កាន់តែច្រើនបន្ថែមទៀតនៅទីក្រុងឆ្នេរសមុទ្រមួយនេះផងដែរ។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពតមានការប្រែប្រួលរីកចម្រើនខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តគួរឱ្យកត់សម្គាល់ និងកំណើននៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ ខេត្តកំពតនឹងមានកំពង់ផែទឹកជ្រៅក្នុងពេលឆាប់ៗខាងមុខ ក្នុងការបំរើលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងការដឹកទំនិញផលិតផលកម្ពុជា ទៅកាន់ទៅផ្សារបរទេសផងដែរ។

ទាក់ទងទៅនឹងការសាងសង់ទំនប់បង្ហៀរនៃវារីអគ្គិសនីកំចាយក្នុងខេត្តកំពតនេះ ដើម្បីការពារកុំអោយទឹកប្រៃចូលមកមកដល់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ដែលកន្លងមកសម្តេចតេជោបានអោយក្រសួងពាក់ព័ន្ធធ្វើការពិភាក្សាគ្នា រួមមានក្រសួងឧស្សាហកម្ម សិប្បកម្ម ក្រសួងបរិស្ថាន និងក្រសួងធនធានទឹក ក៏ប៉ុន្តែកន្លងមកចេះតែមានការរុញដាក់គ្នាទៅវិញទៅមក។ ហើយនៅថ្ងៃនេះ ចំនុចទី១ សម្តេចតេជោ ហ៊ុន សែន បានសម្រេចអោយក្រសួងធនធានទឹកសាងសង់ទំនប់បង្ហៀរនេះដើម្បីបញ្ចៀសការហូរចូលនៃទឹកប្រៃដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងខេត្តកំពតនេះ។ ចំនុចទី២ត្រូវបន្តទាក់ទាញជាមួយដៃគូរវិនិយោគបន្ថែមទៀតមកផ្គត់ផ្គង់បណ្តាញទឹកស្អាតក្នុងខេត្តកំពតអោយបានច្រើនបន្ថែមទៀត ដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋយើង។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះអបអរសាទរចំពោះសមិទ្ធិផលស្ពានជ្រោយចង្វារទី១ដែលត្រូវបានកែលម្អ និងជុសជុលហើយ នឹងត្រូវបើកអោយដំណើរការនៅថ្ងៃស្អែកនេះផងដែរ។ហើយក្នុងនោះសម្តេចតេជោក៏អរគុណចំពោះរដ្ឋាភិបាលជប៉ុនផងដែរ ដែលបានជួយជួសជុល ក៏ដូចជាកសាងថ្មីផងដែរនូវស្ពានជ្រោយចង្វារនេះ សំរាបប់អោយប្រជាពលរដ្ឋបានប្រើប្រាស់ឡើងវិញ ជាពិសេសមុនឱកាសមុនបុណ្យចូលឆ្នាំថ្មីខាងមុខ។

មុននឹងបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខសេចក្តីសុខ សេចក្តីម្រើនគ្រប់ៗគ្នា ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។ បន្ទាប់មកសម្តេចតេជោ និងលោកឯកអគ្គរាជទូតជប៉ុនបានអញ្ជើញពិនិត្យមើលដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពតនេះ ក្នុងបរិយាកាសរីករាយក្រៃលែង៕


ចែករំលែក៖